កូរ៉េខាងត្បូង ៖ ក្រុម Hacker កូរ៉េខាងជើងលួចលុយតាមប្រព័ន្ធអ៊ីនធើណិតប្រមាណ ១.២ពាន់លានដុល្លារក្នុងពេល ៥ឆ្នាំចុងក្រោយនេះ

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បាននិយាយថា ក្រុម Hacker កូរ៉េខាងជើងបានលួចប្រាក់ប្រមាណ ១.៥ទ្រីលានវ៉ុន ឬប្រមាណ១.២ពាន់លានដុល្លារនៅក្នុងរូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មតាមប្រព័ន្ធអ៊ីនធើណិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ច្រើនជាងពាក់កណ្តាលនៃឆ្នាំ២០២២ ។

បើតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សេវាស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា សមត្ថភាពរបស់កូរ៉េខាងជើងក្នុងការលួចទ្រព្យសម្បត្តិឌីជីថលត្រូវបានចាត់ទុកថា ល្អបំផុតក្នុងពិភពលោក ដោយសារតែប្រទេសនេះផ្តោតទៅលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ចាប់តាំងពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិត្រូវបានរឹតបន្តឹងក្នុងឆ្នាំ ២០១៧ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ទីភ្នាក់ងារនេះបន្ថែមថា ពួក Hacker កូរ៉េខាងជើងដែលឧបត្ថម្ភដោយរដ្ឋត្រូវបានគេប៉ាន់ប្រមាណថា បានលួចទ្រព្យសម្បត្តិតាមប្រព័ន្ធអ៊ីនធើណិតចំនួន ១.៥ទ្រីលានវ៉ុន ឬប្រមាណ១.២ពាន់លានដុល្លារនៅជុំវិញពិភពលោកចាប់តាំងពីឆ្នាំ ២០១៧ ក្នុងនោះគិតត្រឹមឆ្នាំ២០២២នេះតែមួយប៉ុណ្ណោះ ពួកគេអាចលួចបានប្រហែល ៨០០ពាន់លានវ៉ុន ឬប្រមាណ៦២៦លានដុល្លារ។ ហើយប្រាក់ច្រើនជាង ១០០ពាន់លានវ៉ុន ឬប្រមាណ ៧៨លានដុល្លារ នៃចំនួនសរុបបានមកពីប្រទេសកូរ៉េខាងត្បូង។

បើតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ពួក Hacker កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតបន្ថែមទៀតនៅឆ្នាំក្រោយដើម្បីលួចបច្ចេកវិទ្យាទំនើបៗរបស់កូរ៉េខាងត្បូង និងព័ត៌មានសម្ងាត់ស្តីពីគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។ ជុំវិញបញ្ហានេះដែរ កាលពីដើមខែនេះ អ្នកការទូតជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាពវាយប្រហារតាមអ៊ីនធើណិតខុសច្បាប់របស់កូរ៉េខាងជើង៕

ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner