រដ្ឋមន្ត្រីការបរទេស G7 ប្តេជ្ញាថា នឹងជួយប្រជាជនអ៊ុយក្រែន អាចឆ្លងកាត់រដូវរងា
តូក្យូ៖ អ្នកការទូតកំពូលមកពីក្រុមប្រទេស G7 បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអ៊ីនធើណិត ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានយល់ព្រមបន្តផ្តល់ជំនួយចាំបាច់ដល់រដ្ឋាភិបាលអ៊ុយក្រែន រួមទាំងជំនួយសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីអាចរស់រានមានជីវិតនៅក្នុងរដូវរងាដ៏អាក្រក់នេះ។
វាគឺជាកិច្ចប្រជុំលើកទី ១១ របស់ក្រុមប្រមុខការទូតទៅលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំនេះ ដោយពួកគេបានថ្កោលទោសរុស្ស៊ីចំពោះការវាយប្រហារកាន់តែខ្លាំងលើមូលដ្ឋានស៊ីវិលនៅអ៊ុយក្រែន រួមទាំងរោងចក្រថាមពលផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បាននិយាយថា ប្រទេស G7 គួរតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីបន្តអូសបន្លាយ។
ទន្ទឹមគ្នា ប្រមុខការទូតជប៉ុនរូបនេះក៏បាននិយាយអំពីឆន្ទៈដ៏មុតមាំរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រធាននៅឆ្នាំក្រោយ នៃក្របខ័ណ្ឌក្រុមប្រទេស G7 ដែលមិនទទួលយកការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំងយោធា៕




ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា