លោក ពូទីន ព្រមានថា រុស្ស៊ីនឹងកម្ទេចប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត របស់សហរដ្ឋអាមេរិក ដែលគ្រោងដាក់ពង្រាយនៅអ៊ុយក្រែន
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញភាពត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយគាត់ក៏បានគំរាមបំផ្លាញប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត ដែលសហរដ្ឋអាមេរិកគ្រោងផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ។
លោក ពូទីន បានថ្លែងបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅឯវិមានក្រឹមឡាំង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលការអត្ថាធិប្បាយរបស់គាត់បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត ដល់អ៊ុយក្រែន នៅពេលគាត់ធ្វើជាម្ចាស់ផ្ទះស្វាគមន៍សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី នៅសេតវិមានកាលពីថ្ងៃពុធសប្តាហ៍ដដែលនេះ។
លោក ពូទីន បាននិយាយថា ប្រព័ន្ធនេះចាស់ហើយ មិនមានប្រសិទ្ធភាពដូចប្រព័ន្ធមីស៊ីល S-300 ផ្ទាល់របស់រុស្ស៊ីនោះទេ។ លោកថា ការផ្គត់ផ្គង់ប្រព័ន្ធ ប៉ាទ្រីយ៉ូត នឹងអូសបន្លាយពេលជម្លោះ ហើយរុស្ស៊ីនឹងបំផ្លាញវា ប្រសិនបើវាត្រូវបានពង្រាយនៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ផែនការរបស់រុស្ស៊ីសម្រាប់ឆ្នាំក្រោយ និងលើសពីនេះ នៅតែស្ថិតលើផ្លូវ ហើយលោកជឿជាក់ថា វិធានការទាក់ទងនឹងប្រតិបត្តិការយោធាពិសេស គឺពិតជាចាំបាច់សម្រាប់រុស្ស៊ី។ បន្ថែមលើនេះ លោក ពូទីន ក៏បានជំរុញឲ្យប្រជាជនរុស្ស៊ីអរគុណយោធារបស់ពួកគេសម្រាប់ការការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងប្រជាជនរបស់ប្រទេសទាំងមូល៕






ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា