សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» អបអរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលនឹងប្រារព្ធឡើងនៅទីលាន វាយកូនគោលវឌ្ឍនៈហ្គោលរីសត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ ។

ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧១រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតនេះធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមានពិធីប្រគល់ពានរង្វាន់ដល់កីឡាករជយលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ ។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថាឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់អភិជននោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៤ឆ្នាំដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាសពេញលេញ ក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង ។

ជាក់ស្តែងនៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀត។ កម្ពុជា បានទន្ទឹងរង់ចាំ ក្នុងការរៀបចំព្រឹត្តិការណ៍តំបន់មួយនេះ អស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ការទន្ទឹងរង់ចាំក្នុងពេលវេលាដ៏យូរនេះ ក៏ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាព និងលទ្ធភាពក្នុងការរៀបចំ។

ដូច្នេះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិនត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ ជាសារបង្ហាញពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិយោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោលតម្លៃរាប់លានដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ចូលចិត្តលេងកូនគោលផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំ នៅកម្ពុជាផងដែរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner