សហរដ្ឋអាមេរិកជំរុញឱ្យចិនចែករំលែកព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន តាមសេចក្តីរាយការណ៍បានជំរុញសមភាគីចិន លោក វ៉ាង យី ឱ្យចែករំលែកព័ត៌មានស្តីពីការផ្ទុះឡើងនៃមេរោគឆ្លងនៅក្នុងប្រទេសចិនជាមួយប្រទេសដទៃទៀត នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះ។
បើតាមក្រសួងការបរទេសអាមេរិក ប្រមុខការទូតទាំងពីរបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៃជំងឺ COVID-19 ដោយលោក ប្លីងគែន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតម្លាភាពសម្រាប់សហគមន៍អន្តរជាតិ។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីលោក ប្លីងគែន បានសម្តែងការព្រួយបារម្ភរបស់គាត់ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ អំពីលទ្ធភាពនៃមេរោគឆ្លងថ្មីដែលកំពុងវិវត្តនៅក្នុងប្រទេសចិន។
ទន្ទឹមគ្នា លោក ប្លីងគែន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកព័ត៌មាន ដោយនិយាយថា វាមានផលប៉ះពាល់មិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ។
ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយធំបំផុតនៃវ៉ាក់សាំងបង្ការ លោក ប្លីងគែន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចរាល់ ដើម្បីបន្តគាំទ្រមនុស្សជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសចិនផងដែរ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា




