សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
ភ្នំពេញ៖ តាមរយៈទំព័រ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពសកម្មភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសំណេរដែលបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ។
នៅក្នុងទំព័រ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសរសេរដូច្នេះថា៖ នៅពេលឆ្នាំ២០២២ ជិតបញ្ចប់ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកបានទទួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក នៅស្ថានទូតអាមេរិកនៅភ្នំពេញ។
សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។
យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។
យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា ៕ ដោយ ៖ វណ្ណលុក





