មនុស្សស្លាប់៣នាក់និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ បាញ់ប្រហារនៅទីក្រុងប៉ារីស
ប៉ារីស៖ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅ កណ្តាល ទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃសុក្រ ទី២៣ ខែធ្នូ ដោយ បានសម្លាប់មនុស្ស បីនាក់ និងរបួសបីនាក់ផ្សេងទៀត។ ខ្មាន់ កាំភ្លើង ជាជនជាតិបារាំង មានអាយុ ៦៩ ឆ្នាំ និងទើបតែត្រូវ បាន គេដោះ លែងពីមន្ទីរឃុំឃាំង ពីបទវាយប្រហារដោយការ ប្រកាន់ពូជសាសន៍។
ហេតុការណ៍ខាងលើបានកើតឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌កួដ (Kurdish) ស្ថិតនៅលើដងផ្លូវ Enghien ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស ជាទីប្រជុំជនមានហាង និងភោជនីយដ្ឋានជា ច្រើន និងជាន្លែងដែលសម្បូរទៅដោយជនជាតិ កួដរស់នៅ ច្រើន។
ដំបូងខ្មាន់កាំភ្លើងដៃដល់រូបនេះ បានកំណត់គោលដៅបាញ់ ប្រហារលើមជ្ឈមណ្ឌលវប្បធម៌កួដ មុនពេលចូលសំដៅហាង កាត់សក់មួយ ជាកន្លែងដែលលោកត្រូវបានចាប់ខ្លួន។ ក្នុង ចំណោមអ្នករបួសបីនាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពីរនាក់ទៀតកំពុងព្យាបាលរបួសធ្ងន់។
អាជ្ញាធរបារាំង បានផ្តើមការស៊ើបអង្កេតភ្លាមៗក្រោម ហេតុ ផលប្រកាន់ពូជសាសន៍។
គួរជ្រាបថា ជនសង្ស័យមានអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួន ភ្លាមៗ ហើយគេដឹងដែរថា ខ្មាន់កាំភ្លើងរូបនេះទើបត្រូវបាន ដោះលែង ពីពន្ធនាគារថ្មីៗនេះដែរទេ។
សាក្សីជាច្រើន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ខ្មាន់កាំភ្លើងដែលបើតាមប៉ូលិស គឺជាជនជាតិបារាំងស្បែកស ពីមុនធ្លាប់ត្រូវបានចោទប្រកាន់ពីបទហិង្សារើសអើងជាតិសាសន៍។
ក្រុមប្រឹក្សាប្រជាធិបតេយ្យកួដនៅប្រទេសបារាំង (CDF-K) ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកួដអាម៉េត-កាយ៉ា (Ahmet-Kaya Kurdish) និងដែលត្រូវបានវាយប្រហារនោះ បានថ្កោលទោសចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។
ចំណែក លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងវិញ និយាយថា សហគមន៍ជនជាតិកួដក្នុងរដ្ឋធានីប៉ារីស គឺជាគោល ដៅនៃការវាយប្រហារដ៏សាហាវ ហើយបានសរសើរប៉ូលិស ចំពោះ ភាពក្លាហានរបស់ពួកគេ៕
ដោយ៖ លី លីយ៉ា