អ្នកនិពន្ធ លី តារា ជាអ្នកនិពន្ធសៀវភៅជាភាសា បរទេសវ័យ ក្មេងនៅកម្ពុជា
ភ្នំពេញ៖លោក លី តារា ជាអ្នកនិពន្ធខ្មែរវ័យក្មេងមួយរូបដែល និពន្ធសៀវភៅជាភាសាបរទេស។ លោកមានទីកំណើត នៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានឪពុកជា គ្រូបង្រៀន និងម្ដាយជាអ្នកលក់ដូរ។ លោកជាកូនទី២ ក្នុង ចំណោម បងប្អូនចំនួនបួននាក់។
កាលពីបឋមសិក្សា លោករៀននៅបឋមសិក្សាព្រែកតានង់ក្នុង ហើយបន្តនៅអនុវិទ្យាល័យព្រែកតានង់។ នៅឆ្នាំ២០០៨ លោក បានផ្លាស់មករៀននៅវិទ្យាល័យបឹងត្របែក ហើយបានបញ្ចប់ មធ្យមសិក្សាទុតិយ្យភូមិក្នុងឆ្នាំ២០១១។ ក្រោយពីបញ្ចប់មធ្យមសិក្សា លោកបានបន្តសិក្សាថ្នាក់ បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ហើយបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០១៥។
ទាក់ទិននឹងការនិពន្ធសៀវភៅជាភាសាបរទេសនេះ លោកបាន ប្រាប់ឱ្យដឹងពីមូលហេតុដូច្នេះថា៖ «ជាភាពចៃដន្យដោយមិន បាន រំពឹងទុក ខ្ញុំស្រឡាញ់ការបង្រៀន ការបណ្ដុះបណ្ដាលភាសា អង់គ្លេស ក៏ព្យាយាមបើកក្លិបសិក្សា និងបង្រៀនភាសាតាំ ងពី ឆ្នាំ២០១៦ មក ហើយមានសំណួរមួយចំនួន ដែលអ្នក ឃើញ ការបើកបង្រៀន ការបើកក្លិបសហគមន៍អានសៀវភៅ គាត់ ក៏ចេះតែសួរថាតើធ្វើម៉េចដើម្បីអានសៀវភៅបានច្រើន? ខ្ញុំក៏គិតថាបើសរសេរជាសៀវភៅដើម្បីចែករំលែកគន្លឹះតិចៗឱ្យអ្នកចង់ដឹងគាត់បានអានតែម្ដង ប្រហែលជាងាយស្រួលជាង។ អ៊ីចឹងខ្ញុំក៏សាកសរសេរសៀវភៅមួយក្បាលទៅ»។
លោកបន្តបន្ថែមថា៖ «ប៉ុន្តែការសរសេរនេះ ដោយសារតែ ខ្ញុំទម្លាប់អានសៀវភៅជាភាសាអង់គ្លេស កាលនោះអាន ៣ឆ្នាំ បានដូចជា ៧៧៩ក្បាល ភាគច្រើនជាភាសាអង់គ្លេស ស្ទើរតែ ទាំងអស់។ អ៊ីចឹងខ្ញុំក៏សរសេរជាភាសាអង់គ្លេសបន្តទៅឃើញ ថាអ្នកអាន ពួកគាត់អានភាសាអង់គ្លេសដែលខ្ញុំសរសេរ គឺងាយយល់។ ពួកគាត់ឱ្យមតិមកថា ឆាប់ចាប់បាន ងាយយល់ ព្រោះយើងប្រើបរិបទស្រុកខ្មែរ ហើយពាក្យពេចន៍ដែល យើងប្រើក៏ មិនវិទ្យាសាស្ត្រពេក ជាពាក្យពេចន៍ងាយយល់ សាមញ្ញ។ ខ្ញុំក៏សរសេរអង់គ្លេសបែបហ្នឹងទៅ»។
សៀវភៅដែល តារា និពន្ធជាច្រើនផ្ដោតសំខាន់ទៅលើ អ្នក ដែលមិនទាន់ចូលចិត្តអាន ឬអ្នកដែលចូលចិត្តអានហើយ តែមិនទាន់ស្រឡាញ់ការអានសៀវភៅ ជារួមគឺអ្នកដែល មាន ចិត្តស្ទាក់ស្ទើរក្នុងអានសៀវភៅ ឱ្យងាកមករកការអាន សៀវភៅ។
លោកបង្ហាញដូចនេះថា៖ «ខ្ញុំផ្ដោតសំខាន់ទៅលើ អ្នកដែល មិនទាន់ចូលចិត្តអាន និងអ្នកអានហើយ ប៉ុន្តែគាត់មិនទាន់ ចូលចិត្តទាំងស្រុង និយាយស្រួលស្ដាប់ទៅ គឺអ្នកដែលនៅ មានគំនិតចង់អានខ្លះ និងអ្នកដែលមិនចង់អានខ្លះឱ្យគាត់ងាក មករកសៀវភៅវិញ។ អ៊ីចឹង ទើបខ្ញុំព្យាមសរសេរប្រធានបទ ណាដែលអាចធ្វើឱ្យយុវវ័យចង់អាន ចង់រៀនបន្ត ចង់បានការ លើកទឹកចិត្ត ឬក៏ពេលខ្លះចង់កម្សាន្តអារម្មណ៍របស់ពួកគាត់ ព្រោះពេលខ្លះការរៀននៅក្នុងសាលាមានអារម្មណ៍ធុញថប់ អ៊ីចឹងគាត់អាចអានសៀវភៅដែលមានលក្ខណៈកំប្លែងនិងបន្ធូរអារម្មណ៍បាន»។
ចំពោះការនិពន្ធ លោក លី តារា ចាប់ផ្ដើមពីឆ្នាំ២០១៦ រហូត មកដល់ខែធ្នូ ឆ្នាំ២០២២នេះ លោកបានសរសេរ និងបោះពុម្ព សៀវភៅបាន ១៦ចំណងជើងរួចមកហើយ។ ស្នាដៃរបស់ លោកបែកចែកជាបីផ្នែកធំៗ មានផ្នែកទី១ គឺជាផ្នែកអប់រំ ផ្នែកទី២ ជាផ្នែកលើកទឹកចិត្ត និងផ្នែកទី៣ ជាផ្នែកកម្សាន្ដ។ ស្នាដៃដែលលេចធ្លោរមួយក្នុងចំណោមស្នាដៃជាច្រើនរបស់លោក គឺសៀវភៅដែលមានចំណងជើងថា “2AM”។
អត្ថន័យសំខាន់របស់សៀវភៅនេះ គឺនិយាយពីការលើក ទឹក ចិត្តចំពោះអ្នកមានបញ្ហាស្នេហា។ ខ្លឹមសារសំខាន់ស្ទើរតែ ៥០ភាគរយនៃសៀវភៅជាសារសម្រាប់ឆ្លុះបញ្ចាំងពីបញ្ហាស្នេហាដែលដៃគូស្នេហាជួបប្រទះ និងខ្លឹមសារ ៥០ភាគរយទៀត ជាសារលើកទឹកចិត្តសម្រាប់ឱ្យអ្នកដែលមានបញ្ហា មាន អារម្មណ៍ ធូរស្បើយឡើងវិញ។
ចំណែកសៀវភៅលេចធ្លោក្នុងចិត្តអានមួយទៀត មានចំណង ជើងថា “Who Is She” ជាប្រភេទសៀវភៅលើកទឹកចិត្ត សម្រាប់នារីដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្ត្រីនៅកម្ពុជា។ សៀវភៅមួយនេះ មានបួនផ្នែកធំៗ ដែលផ្នែកទី១ ទាក់ទង ទៅនឹងបញ្ហាមួយចំនួនដែលក្មេងស្រី និងស្ត្រីជួបប្រទះ។ ផ្នែកទី២ ជាបញ្ហាដែលស្រ្តីជួបក្នុងទំនាក់ទំនងទូទៅទាំងមិត្តភក្តិ ការងារ គ្រួសារ និងស្នេហា។ ផ្នែកទី៣ ជាផ្នែកលើកទឹកចិត្ត។ និងផ្នែកទី៤ ជាផ្នែកដែលបង្ហាញសារថ្មីៗមួយចំនួនដែលស្ត្រី និងយុវជនត្រូវដឹងនិងស្វែងយល់។
រីឯស្នាដៃទី១៦ របស់អ្នកនិពន្ធ លី តារា ដែលទើបនឹង ចេញ ផ្សាយក្នុងឆ្នាំ២០២២ នេះ មានចំណងជើងថា “Before 30 Years Old” ជាសៀវភៅដែលឆ្លុះបញ្ចាំងពីជីវិតរបស់ អ្នកនិពន្ធផ្ទាល់ ដែលលោកមានឪពុកជាគ្រូបង្រៀន ម្ដាយជា កសិករផង និងជាអ្នកលក់ដូរបន្តិចបន្តួចផង។
ក្រៅពីរៀបរាប់ពីជីវិតរស់នៅក្នុងគ្រួសារ សៀវភៅនេះក៏បាន បង្ហាញពីការរៀនសូត្រដែលអ្នកនិពន្ធបានផ្លាស់ពីការរៀននៅជនបទមកទីក្រុងភ្នំពេញ និងបានចាប់យកឱកាសជាអ្នកនិពន្ធ ក៏ដូចជាអ្នកបណ្ដុះបណ្ដាលផងដែរ។ សារក្នុងសៀវភៅនេះបែងចែកជាបួនផ្នែក៖ ទី១ គឺឆ្លុះបញ្ចាំង ពីជីវិតនៅកុមារភាព ពោលគឺមុនពេលមានអាយុ ១២ឆ្នាំ។ ទី២ ឆ្លុះបញ្ចាំងពីជីវិតមុនអាយុ ១៥ឆ្នាំ។ ទី៣ ឆ្លុះបញ្ចាំងពីជីវិត មុនអាយុ ២០ឆ្នាំ ពោលគឺមុនពេលបញ្ចប់ធម្យមសិក្សា ទុតិយភូមិ និងកំពុងបន្តបរិញ្ញាបត្រ និងផ្នែកទី៤ ឆ្លុះបញ្ចាំង ពីជីវិតមុនអាយុ ៣០ឆ្នាំ គឺស្របពេលបច្ចុប្បន្នលោកមានអាយុ ២៩ឆ្នាំនេះតែម្ដង ដែលបង្ហាញទាំងការសិក្សា ការងារ និងបង្ហាញពីបរិបទទួទៅសមស្របនឹងបរិបទប្រទេសយើងសព្វថ្ងៃ។
អ្នកនិពន្ធ លី តារា បានផ្ដល់មតិទៅលើយុវជន និងអ្នកដែល ចង់ក្លាយជាអ្នកនិពន្ធដូចលោក ថា៖ «សូមមានជំនឿ ចិត្តលើ ខ្លួនឯង ហើយត្រូវពង្រីកនិងប្រើសមត្ថភាពខ្លួនឱ្យមាន ប្រសិទ្ធភាពកាន់តែខ្ពស់។ ចំពោះអ្នកដែលក្លាយជាអ្នកនិពន្ធ ត្រូវអានឱ្យបានច្រើន ទាំងសៀវភៅ ទាំងឯកសារតាម អ៊ិនធឺណិត អានឱ្យបានព័ត៌មានកាន់តែច្រើន អានជាប្រចាំថ្ងៃ។ ចំពោះខ្ញុំខ្លួនឯង ការសរសេរបច្ចុប្បន្ន ខ្ញុំនៅតែព្យាយាមអាន មួយឆ្នាំឱ្យបាន ១០០ក្បាលដែរ ដែលគិតត្រឹមថ្ងៃទី២២ នេះ ខ្ញុំអានបានដល់ ក្បាលទី៩៤ហើយ នៅសល់តែ ៦ក្បាល ទៀតទេគ្រប់មួយរយក្បាលហើយ»។ «ចំណុចមួយទៀត ត្រូវព្យាយាមស្ដាប់មតិយោបល់របស់អ្នកនៅជុំវិញខ្លួន ពិសេស អ្នកអានផ្ទាល់ ព្រោះអ្នកអានមានតម្រូវការចាំបាច់ របស់អ្នកអាន ជាចំណុចសំខាន់ដែលធ្វើឱ្យខ្លឹមក្នុងការតែងនិពន្ធឬការប្រមូលព័ត៌មានរបស់យើងកាន់តែត្រូវនឹងការចង់បានពីអ្នកអាន។ យើងត្រូវផ្ដល់អ្វីដែលអ្នកអានចង់បាន ហើយក៏ត្រូវផ្ដល់ចំណេះ ដឹង ដែល អ្នកអានគួរតែដឹងតាមរយៈការស្រាវជ្រា វរបស់យើងមក បញ្ចូលក្នុងសៀវភៅ»។
ប្រសិនបើលោកអ្នកអាន ចាប់អារម្មណ៍ចង់ជាវសៀវភៅ ពីអ្នកនិពន្ធផ្ទាល់ សូមទាក់ទងតាមរយៈ៖ 077 538 411៕
ដោយ៖ ហ៊ួន ស៊ីឡូន



