ក្រសួងយុត្តិធម៌ ស្នើភាគីពាក់ព័ន្ធយកចិត្តទុកដាក់ លើការងារ សម្អាតប្រាក់ ដើម្បីដកកម្ពុជាចេញបញ្ជីប្រផេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងយុត្តិធម៌ ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវ បន្ត យកចិត្តទុកដាក់ការលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅធនាគារជាតិនៃកម្ពុជា ដើម្បីឱ្យ កម្ពុជាដកចេញពីបញ្ជីប្រផេះនៅក្នុងមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នាពេលខាងមុខនេះ។

ការស្នើ និងជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(អ.អ.ផ) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២ ដោយមានការចូលរួមពី សមាជិកនៃ អ.អ.ផ. និងតំណាងក្រសួង-ស្ថាប័ននានាដែលមានការពាក់ព័ន្ធ នឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ប្រធាន អ.អ.ផ. ឯកឧត្តម កើត រិទ្ធ និងជារដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ដែលបានដឹកនាំកិច្ចប្រជុំនេះបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួល ខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័ន ក៏ដូចជាក្រុមការងារ និង យន្តការដែលពាក់ព័ន្ធទាំងអស់ លើការងារប្រឆាំងការសម្អាត និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ។

ឯកឧត្តមបានឱ្យដឹងថា កិច្ចប្រឹងប្រែងនេះ រហូតកម្ពុជាទទួល បាន នូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ ក្នុង បុព្វហេតុពង្រឹងបាននូវតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំ នៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមក៏បាន ស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារ និងយន្តការដែល ពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះធ្វើ On-site Visit សំដៅដកកម្ពុជាចេញពីបញ្ជី ប្រផេះនៅក្នុងមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF នាពេលខាងមុខ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន ធ្លាប់បានថ្លែងថា ក្រសួងបរិស្ថានបានចូលរួមយ៉ាង សកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ច ខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ លោកបញ្ជាក់ថា កិច្ចការប្រឆាំងការសម្អាតប្រាក់នេះ គឺជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
តាមរយៈកិច្ចប្រជុំនេះ គ្រប់ភាគីបានធ្វើការពិនិត្យនិងវាយ តម្លៃ របាយការណ៍សម្រាប់ការចុះត្រួតពិនិត្យដល់ទីកន្លែង (On-site Visit) ដែលកម្ពុជាបានដាក់ជូនក្រុមការងារហិរញ្ញវត្ថុ FATF។
ទន្ទឹមនេះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ទទួលការចុះធ្វើ On-site Visit របស់ក្រុមការងារត្រួតពិនិត្យរួមគ្នានៃប្រទេស អាស៊ី ប៉ាស៊ីហ្វិក ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបថា ក្រុមការងារហិរញ្ញវត្ថុហៅកាត់ថា FATF នៅឆ្នាំ ២០២២ បានសម្រេចរក្សាប្រទេសកម្ពុជាក្នុងបញ្ជីប្រផេះ ដែល មានន័យថាកម្ពុជា នៅតែស្ថិតក្នុងចំណោមប្រទេសមាន ហានិភ័យលើ ការលាងលុយកខ្វក់៕
ដោយ៖ឡាយ សាមាន

ads banner