បេក្ខជនប្រឡងជាប់បាក់ឌុប បង្ហាញមោទនភាពដែលបាន ប្រឡងជាប់ក្នុងអំឡុងពេលមានការរឹតបន្តឹង
ភ្នំពេញ៖បេក្ខជនមួយចំនួនដែលបានចូលរួមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បង្ហាញមោទកភាព និង សប្បាយរីករាយ ដែលបានប្រឡងជាប់ក្នុងកាលៈទេសៈដែល មានការរឹតបន្តឹងហាមលួចចម្លងគ្នា ទោះបីទទួលបាននិទ្ទេស ណា ក៏ដោយ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល ប្រឡង បានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុបមានចំនួន ៩០ ៩៥០ នាក់ ត្រូវជាជា ៧២,៣៣ ភាគរយ ខណៈអ្នកធ្លាក់មាន ចំនួន ៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០ នាក់។
បេក្ខជន ញ៉េប សុខា ដែលប្រឡងនៅមណ្ឌលភ្នំពេញ ដោយ លទ្ធផលប្រឡងជាប់បាននិទ្ទេស E បានថ្លែងថា ទោះបីបាន និទ្ទេសមួយណាក៏លោកសប្បាយចិត្ត ដោយសារផ្អែកលើ សមត្ថភាពសុទ្ធសាធ ពុំមានការលួចចម្លងគ្នានោះទេ។
យុវជនរូបនេះថា៖ «ក្នុងថ្នាក់ខ្ញុំមានបេក្ខជនចូលរួមប្រឡង ២៥ នាក់ ធ្លាក់ ៦នាក់។ នៅពេលគេប្រកាសឈ្មោះខ្ញុំជាប់ ខ្ញុំពិត សប្បាយចិត្តណាស់ទោះមិនបាននិទ្ទេសល្អដូចគេក៏ដោយ ព្រោះ ជាសមត្ថភាពខ្ញុំ ហើយពេលប្រឡងគឺលោកគ្រូ អ្នកគ្រូ គាត់មិនអនុញ្ញាតឱ្យលួចចម្លងគ្នាទេ។ ខ្ញុំធ្លាប់តែឮបងៗពីមុនថា មានការលួចមើលគ្នាបាន ប៉ុន្តែជំនាន់ខ្ញុំអត់បានទេ ។អីចឹងខ្ញុំ ពិត ជាមានមោទកភាពណាស់»។
បេក្ខជនម្នាក់ទៀតប្រឡងនៅមណ្ឌលខេត្តកណ្តាល គឺយុវជន អែម សេដ្ឋាឧត្តម ដោយលទ្ធផលប្រឡងទទួលបាននិទន្ទេស B បានថ្លែងថា លោកពិតជាសប្បាយចិត្តនៅពេលទទួលលទ្ធ ផល ល្អបែបបនេះ។ លោកបន្តថា មុននឹងឈានដល់ចំណុចនេះ គឺបានខិតខំរៀនសូត្រធ្វើលំហាត់ទាំងនៅថ្នាក់និងនៅផ្ទះទាំងយប់ ទាំងថ្ងៃ និងរៀនបំពេញវិជ្ជាក្រៅម៉ោងថែមទៀត។
ជាមួយនឹងលទ្ធផលល្អនេះ លោកកំពុងពិភាក្សា ជាមួយ ឪពុកម្តាយ ដើម្បីចាប់យកមុខជំនាញសិក្សានៅ សាកល វិទ្យាល័យ ។ លោកថា៖ «ខ្ញុំចង់រៀនច្បាប់ផង រៀន IT ផង ប៉ុន្តែប៉ាម៉ាក់ខ្ញុំចង់ឱ្យរៀនពេទ្យ អីចឹងគ្រួសារខ្ញុំកំពុងពិភាក្សា ព្រោះរៀនពេទ្យអស់លុយច្រើនខ្លាចបង់ថ្លៃសាលាមិនរួច»។
ជាមួយគ្នានេះ ក្នុងនាមជាយុវជនដែលទើបប្រឡងជាប់បាក់ឌុប លោកសូមថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័ន ពាក់ព័ន្ធដែលបានរឹតបន្តឹងការប្រឡង ដើម្បីជំរុញ ដល់ សិស្សានុសិស្សផ្សេងទៀតឱ្យខិតខំរៀនសូត្រ។
បេក្ខនារីម្នាក់ដែលជាប់និទ្ទេស A បានថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ទម្រាំមានថ្ងៃនេះគឺមានការខិតខំ បង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ទើបទទួលបាននិទន្ទេស A។
កញ្ញាបានចែករំលែកបទពិសោធន៍ថា៖ «ចំពោះអ្នកប្រឡង ជំនាន់ក្រោយសូមឱ្យគាត់ខំប្រឹងរៀនតាំងពីដើមឆ្នាំព្រោះមានផលប្រយោជន៍ច្រើនរហូតដល់ពេលថ្ងៃប្រឡង ហើយមានទំនុក ចិត្តលើខ្លួនឯង។ ចឹងហើយពេលមកប្រឡងយើងមិនភ័យ ជឿជាក់ថាខ្លួនឯងធ្វើបាន ហើយពេលនៅផ្ទះប្រឹងរៀន រាល់ថ្ងៃ ដើម្បីឱ្យម៉ាក់ប៉ាសប្បាយចិត្ត និងខ្លួនឯងលូតលាស់ទៅមុខ»។
ពាក់ព័ន្ធការអប់រំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយចូល រួម អបអរជាមួយបេក្ខជនដែលប្រឡងជាប់។
សម្ដេចតេជោសរសេរថា៖ « ខ្ញុំសូមចូលអបអរសាទរ ជាមួយ ឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើប ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយខ្ញុំក៏សូមអរគុណលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការ រៀបចំ ការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំង ប្រទេស ដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ»។
ការប្រកាសលទ្ធផលប្រឡង សម្រាប់នៅភ្នំពេញ និងខេត្ត កណ្តាល បានប្រកាសកាលពីថ្ងៃទី ២២ និង ថ្ងៃទី២៣ ខែធ្នូ ប្រកាសនៅតាមបណ្តាខេត្តនានា។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ ដោយមានបេក្ខជនអវត្តមានចំនួន ២ ៤០០នាក់ ក្នុង ចំណោម បេក្ខជនដែលមានឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥ នាក់ ៕
ដោយ៖ ឡាយ សាមាន



