ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ មន្ទីរពិសោធន៍ជាតិសំណង់ថ្មីនេះនឹងទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួនលើការងារធ្វើពិសោធន៍សម្រាប់បញ្ជាក់គុណភាពសម្ភារៈសំណង់
ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញក្តីរីករាយ និងជឿជាក់ថា មន្ទីរពិសោធន៍ជាតិសំណង់នេះនឹងទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួនលើការងារធ្វើពិសោធន៍សម្រាប់បញ្ជាក់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងនូវឧបករណ៍និងម៉ាស៊ីនពិសោធន៍ចំនួន 20មុខ ក្នុងកញ្ចប់ថវិកាចំនួន 250លានយ៉េនស្មើនឹង 2,3លានដុល្លារអាមេរិក ដល់មន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ហើយឧបករណ៍និងម៉ាស៊ីនពិសោធន៍ទាំងនេះគ្រោងនឹងមកដល់ប្រទេសកម្ពុជានៅពាក់កណ្ដាលឆ្នាំ 2023ខាងមុខ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញ រៀបចំពិធីចម្រេីនព្រះបរិត្តឡេីងអគារមន្ទីរពិសោធន៍ជាតិសំណង់ ក្នុងការបើកដំណើរការជាផ្លូវការ កាលរសៀលថ្ងៃ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២ ។
តាមរបាយការណ៍បានឲ្យដឹងថាមន្ទីរពិសោធន៍ជាតិសំណង់ បានចាប់ផ្ដើមបុកគ្រឹះនៅថ្ងៃទី 15 ខែកក្កដាឆ្នាំ2021និងបានសម្រេចរួចរាល់នៅខែសីហាឆ្នាំ2022។ អគារមន្ទីរពិសោធន៍ជាតិសំណង់បានសាងសង់លើផ្ទៃដី1,5 ហិកតានិងក្រលាផ្ទៃអគារសរុបប្រមាណ 5000ម៉ែត្រការ៉េចែកចេញជាពីរអគារ គឺអគារបេតុងនិងអគារដែក សាងសង់អស់ថវិកា 3លានដុល្លារអាមេរិក៕ ដោយ ៖ ង៉ាន់ ទិត្យ









