ក្រសួងធនធានទឹក ណែនាំពលរដ្ឋនៅតំបន់ដាច់ស្រយាល ប្រើទឹកសន្សំសំចៃនៅឆ្នាំ ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់ពលរដ្ឋជា ពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីប្រភពទឹក ត្រូវបន្ត រក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ស្របពេលដែលមាន ការព្យាករថានៅរដូវប្រាំង និងរដូវភ្លៀងនៅឆ្នាំ ២០២៣ ខាង មុខនេះ បរិមាណទឹកភ្លៀងនឹងមានតិចជាងឆ្នាំ ២០២២។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ការព្យាករអាកាសធាតុលើកទី ១សម្រាប់រដូវប្រាំង (២០២២ -២០២៣) និងដើមរដូវវស្សា ឆ្នាំ ២០២៣ ចុះថ្ងៃទី ២២ ខែធ្នូនេះ បានឱ្យដឹងថា ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាព សីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០ភាគរយ និងបាតុភូតអនសូ (ENSO) ៨០ភាគរយ ជាបាតុភូតអន្តរកាលនៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino) ។

សេចក្តីជូនដំណឹងបន្តថា សម្រាប់រដូវប្រាំង សីតុណ្ហភាព មាន កម្រិត ទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើន។ នៅឆ្នាំ ២០២៣ ខែមករា បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហ ភាព មធ្យមអប្បបរមា ១៨ អង្សាសេ និងមធ្យមអតិបរមា ២៩ អង្សាសេ ។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧ អង្សាសេ។ ខែកុម្ភៈ ដល់ខែមីនា សីតុណ្ហភាពមធ្យមអប្បបរមា ២០ អង្សាសេ និងមធ្យមអតិបរមា ៣៣ អង្សាសេ ហើយខែមេសា សីតុណ្ហភាពមធ្យមអប្បបរមា ២៤ អង្សាសេ និងមធ្យមអតិបរមា ៣៦ អង្សាសេ ។ ក្រសួងបញ្ជាក់ថា កម្រិត សីតុណ្ហភាព អតិបរមា អាចនឹងកើនឡើងដល់ ៣៩ អង្សាសេ ប៉ុន្តែបរិមាណទឹកភ្លៀង អាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើន ប៉ុន្តែតិចជាងឆ្នាំ ២០២២។

នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ ។

សេចក្តីជូនដំណឹងបន្តថា រដូវវស្សាឆ្នាំ ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែក តំបន់ វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្ដាហ៍ទី ១ នៃខែឧសភា ។ ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយ ឡំ ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន ។

ក្រសួងធនធានទឹក បញ្ជាក់ថា៖«បើទោះបីនៅក្នុងរដូវប្រាំង និង ដើម រដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ» ។

អាស្រ័យហេតុនេះ ក្រសួងណែនាំ សូមបន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕
ដោយ៖ឡាយ សាមាន

ads banner