ក្រុមហ៊ុនព័ត៌មានវិទ្យា មួយ ប្ដេជ្ញាប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បី ចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនព័ត៌មានវិទ្យា(IT)មួយដែលស្ថានិកសុទ្ធសឹង ជា កូនខ្មែរ ប្ដេជ្ញាច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗដើម្បីចូលរួមលើក កម្ពស់ គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមាន ភាព ប្រសើរឡើង។នេះបើតាមការបញ្ជាក់របស់តំណាង ក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាល ពេទ្យយើងដែលថ្លែង ប្រាប់អ្នកសារព័ត៌មាននៅក្នុងសប្ដាហ៍នេះ។

កម្មវិធីពេទ្យយើងជាប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងផ្តល់សេវា សុខាភិបាល និងព្យាបាលបែបឌីជីថលដែលផ្ដល់ជំនួយ និង ដោះស្រាយដល់គ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជននានា លើក ការរក្សាកំណត់ត្រាព្យាបាលអ្នកជំងឺ គ្រប់គ្រងអ្នកជំងឺ រក្សា គុណភាពក្នុងការផ្តល់សេវាព្យាបាល និងការគ្រប់គ្រង ប្រតិបត្តិការ នៅមន្ទីរពេទ្យគ្រប់គ្រងបែបឌីជីថល ។

សហស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យាពេទ្យយើងឱ្យដឹងថា កម្មវិធីពេទ្យ យើងបាន រៀបចំផែនការយុទ្ធសាស្ត្ររួចរាល់ សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការច្នៃប្រឌិត បច្ចេកវិទ្យាបម្រើឱ្យសេវាកម្មសុខាភិបាល។

សហស្ថាបនិកនិងទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម លោក ប៊ិន សុជាតិ មានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ពេទ្យយើង( pethyoeung )បានច្នៃប្រឌិតប្រព័ន្ធឌីជីថល សុខាភិបាល ថ្មីៗជាច្រើន ដើម្បីផ្ដល់នូវដំណោះស្រាយឌីជីថល ដែលទំនើប មានភាពច្នៃប្រឌិតនិងងាយស្រួល សម្រាប់អ្នកផ្ដល់ សេវាសុខភាពព្រទាំងអ្នកជំងឺក្នុងប្រទេសកម្ពុជា។លោកថា នៅឆ្នាំថ្មីខាងមុខក្រុមហ៊ុនបានរៀបចំការងារចាំបាច់នានា ដើម្បីប្រជែងលើទីផ្សារព្រមទាំងពង្រឹងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។

លោក ប៊ិន សុជាតិបញ្ជាក់ថា៖«ឆ្នាំថ្មីខាងមុខApp ពេទ្យយើង ទី១ យើងបន្ថែមសេវាបែបឌីជីថលបង្កើតជាភ្នាក់ងារផ្ដល់ ព័ត៌មាន សុខាភិបាលទៅតាមសហគមន៍នានា ។ទី២គឺបន្ថែម កម្មវិធីណាត់ជួបពេទ្យនិងរំលឹកអ្នកជំងឺពីថ្ងៃណាត់ជាមួយពេទ្យ និងទី៣ផ្ដល់សេវាឌីជីថលសម្រួលដល់ការបើកថ្នាំនិងពិនិត្យឈាមជាដើម»។

របាយការណ៍ផ្សព្វផ្សាយរបស់ពេទ្យយើងឱ្យដឹងថា App របស់ខ្លួននេះបានចូលរួមចំណែកឱ្យគ្លីនិក និងមន្ទីរពេទ្យដៃគូ អាច រក្សាកំណត់ត្រាព្យាបាលបែបឌីជីថលជូនដល់ពល រដ្ឋ កម្ពុជាជាងបីលាននាក់រួចមកហើយ។កម្មវិធី «ពេទ្យយើង» មានអ្នកប្រើប្រាស់ទូទៅដល់ជិតបីម៉ឺននាក់។

សហស្ថាបនិកនិងទីប្រឹក្សាគ្រប់គ្រងអាជីវកម្មកម្មវិធី «ពេទ្យយើង» លោក ប៊ិន សុជាតិ ដាក់ក្ដីរំពឹងថា៖«យើងសង្ឃឹម ថាទទួលបានការគាំទ្រពិសេសពីក្រសួងជំនាញពីដៃគូពាក់ព័ន្ធផ្សេងៗ ជាពិសេសការគាំទ្រពីប្រជាពលរដ្ឋ ព្រោះថាបច្ចេកវិទ្យា ពិតជាអាចដោះស្រាយបញ្ហាសុខាភិបាលបានច្រើន ជួយឱ្យអ្នក ទទួលសេវានិងផ្ដល់សេវាសុខាភិបាលកាន់តែងាយស្រួលជាងមុន»។

កម្មវិធី«ពេទ្យយើង» ត្រូវបានទទួលស្គាល់ដោយក្រសួង សុខាភិបាល និងបានឈ្នះការប្រកួតប្រជែងថ្នាក់ជាតិ និង អន្តរជាតិមួយចំនួនដូចជាពានរង្វាន់ ក្រុមហ៊ុន Startup លើកកម្ពស់សមភាពយ៉េនឌ័រក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល និងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ក្នុងការប្រកួតប្រជែង គំរូអាជីវកម្មជាតិ និងអន្តរជាតិ រួមមានពីសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ និង២០២១ ជប៉ុន និងសិង្ហបុរីនៅឆ្នាំ២០២១ នៅទីក្រុង Geneva ប្រទេសស្វីស ឆ្នាំ២០១៩ និងទទួលបាន ពានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីខែ មីនា ឆ្នាំ២០១៩៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner