សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានបើកកិច្ចប្រជុំប្រចាំឆ្នាំ គណៈកម្មាធិការកណ្តាលកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាល ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្ដេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធាន អចិន្រ្តៃយ៍ អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការ កណ្តាល និងក្រុមប្រតិបត្តិ ។
របៀបវារៈនៃកិច្ចប្រជុំមាន៖ ឆ្លងសេចក្តីព្រាងរបាយការណ៍ សកម្មភាពឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣, ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូលចំណាយមូលនិធិ ឆ្នាំ២០២២, ស្នើសុំការអនុម័តលើផែនការមូលនិធិសម្រាប់ ចំណាយជាអាទិភាព ឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាន ជម្រាបជូនរបាយការណ៍បូកសរុប ឆ្នាំ ២០២២ ដោយបាន រំលេចពីព្រះរាជូបត្ថម្ភព្រះរាជទ្រព្យពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើឱ្យសមាគមជាតិមាន មូលនិធិទាំងនៅថ្នាក់កណ្តាល និងតាមសាខាទាំងរាជធានី-ខេត្ត សម្រាប់ធ្វើប្រតិបត្តិការ។ ក្នុងឆ្នាំ២០២២ កាកបាទ ក្រហម កម្ពុជា សម្រេចបានការជួយសម្រាលជីវភាព ប្រជាពល រដ្ឋងាយរងគ្រោះបំផុតបានចំនួន ៧៣.១៣៤ គ្រួសារ (ក្នុងនោះ ថ្នាក់កណ្តាលឆ្លើយតបបាន ៨.៥២០ គ្រួសារ) កសាងផ្ទះបាន ១០៤ ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារទៀត។
ចំណែកសមិទ្ធផលសំខាន់ៗ ទៅតាមវិស័យអាទិភាពទាំងបួន នៃយុទ្ធសាស្ត្រ ២០២១-២០៣០ មានដូចជា ៖ វិស័យអាទិភាព គ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួល អាកាស ធាតុ, វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍, វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន ។
កិច្ចប្រជុំបានអនុម័តទិសដៅការងារឆ្នាំ២០២៣ ដែលផ្តោត ជាសំខាន់លើការខិតខំកៀរគររកមូលនិធិតាមរយៈការប្រារព្ធទិវា ៨ ឧសភា ខួបលើកទី១៦០ ឆ្នាំ២០២៣, ការបន្តពង្រឹងភាព ធន់ របស់សហគមន៍ និងការត្រៀមលក្ខណៈរបស់កាកបាទ ក្រហមកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី២០ និងវេទិកាយុវជនអាស៊ី-អាគ្នេយ៍ លើកទី២។
ជាមួយគ្នានេះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គ ហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអានជូននូវរបាយការណ៍ ចំណូល-ចំណាយមូលនិធិឆ្នាំ២០២២ ដែលអង្គប្រជុំបាន អនុម័ត ជាមួយនឹងអនុសាសន៍បន្តពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអនុម័តផែនការចំណាយជាអាទិភាពឆ្នាំ២០២៣ ដែលជាកញ្ចប់ថវិកាមិនស្ថិតក្នុងមូលនិធិទទួលបានពីសប្បុរសជន ។
កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តបំពេញតួនាទីជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត ពិសេស ក្នុងការអប់រំផ្សព្វផ្សាយឱ្យសហគមន៍ពង្រឹង ការអនុវត្ត “៣ការពារ ៣កុំ” រួមសាមគ្គីគ្នាចូលរួមអនុវត្ត យុទ្ធសាស្ត្រ ស្តីពី “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩” និង “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី”។
ជាមួយនឹងសមិទ្ធផលសម្រេចបាន ក៏ដូចជាការប្តេជ្ញា ចិត្តរបស់កាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បានគោរពថ្វាយអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជូបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា នូវព្រះរាជទ្រព្យ ស្មារតី សម្ភារ និងសូមគោរពថ្លែងអំណរ គុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនជនរួមជាតិ ដែលតែងតែបរិច្ចាគថវិកាដោយសទ្ធាជ្រះ ថ្លាជូនកាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល និងតាម សាខាទាំង ២៥រាជធានី-ខេត្ត។
ក្នុងឱកាសនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីកាកបាទក្រហមគ្រប់ថ្នាក់ សាខារាជធានី-ខេត្តទាំង អស់ ដែលបានខិតខំបំពេញការងារក្នុង ឆ្នាំ២០២២ ក៏ដូចជា ពេលកន្លងមក បានយកចិត្តទុកដាក់ជួយ ប្រជាពលរដ្ឋ បាន ភ្លាមៗទាន់ពេលវេលា នៅពេលពលរដ្ឋជួប ការលំបាក ឬ គ្រោះធម្មជាតិផ្សេងៗ និងបានផ្តាំផ្ញើ ឱ្យបន្ត យកចិត្តទុកដាក់ឱ្យ កាន់តែសកម្មថែមទៀតនៅឆ្នាំ២០២៣។
សម្តេចប្រធានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ថ្នាក់កណ្តាល នឹងជួយ ដល់សាខា នៅពេលមានតម្រូវការ ឆ្លើយតបក្នុង ករណីហួសពីលទ្ធភាព របស់សាខានីមួយៗ៕
ដោយ៖ គ្រី សម្បត្តិ – វណ្ណលុក



