កម្ពុជាកសាងស្តូប «រូបពីរ» រំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ក្នុងពេលធ្វើសង្គ្រាមលោកលើកទី១ (Video Inside)

ស្តូប «រូបពីរ» ដែលត្រូវបានបំផ្លាញចោលដោយអតីតរបបកាប់សម្លាប់ខ្មែរក្រហម ត្រូវបានកសាងឡើងវិញ។ ស្តូប «រូបពីរ» គឺជារូបសំណាកអនុស្សាវរីយរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហាន ខ្មែរ និងទាហានបរទេស ដែលបានបាត់ជីវិតក្នុងអតីតកាលសង្គ្រាមលោកលើកទី ១។ ស្តូប «រូបពីរ» ចាស់ដែលរក្សាទុកក្នុងសួនច្បារមួយក្បែរស្ថានទូតបារាំង ត្រូវបានអតីត របបកម្ពុជាប្រជាធិបតេយ្យ គាស់បំផ្លាញចោល ដើម្បីបំបាត់អនុស្សាវរីយ៍ ដែលក្រុមស្លៀកខោអាវខ្មៅ បានចាត់ទុកថាជាកំអែលចក្រពត្តិនិយម។

សម្តេចតេជោ ហ៊ុន សែន ក្នុងសវនាការជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង វេលាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាវិមានអេលីហ្សេ បានថ្លែងរំលឹកជុំវិញការសាងសង់ស្តូបមិត្តភាព «រូប២» នេះសាឡើងវិញ ដែលរំលឹកនូវអតីតកាលរវាងទាហានកម្ពុជា និងបារាំង ក្នុងអនុស្សាវរីយ៍ធ្វើសង្គ្រាមលោកលើក ទី១ជាមួយគ្នា។

ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ បានថ្លែងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ស្តូប «រូបពីរ» ដែលសាងសង់សាឡើងវិញ តាមគំរូចាស់ដដែលនោះ គឺជារូបសំណាកដែលនឹងបង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំង និងយុទ្ធជនកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១រវាងពីឆ្នាំ១៩១៤ ដល់១៩១៨។ គួរបញ្ជាក់ថាស្តូប «រូប២» នោះត្រូវ បានសាងសង់ឡើង នៅឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់យុទ្ធជនពលីនៅក្នុងសង្គ្រាមពិភពលោកនោះ។

ads banner