រុស្ស៊ីចោទលោកខាងលិចថា ប្រើប្រាស់អ៊ុយក្រែនធ្វើជាឧបករណ៍សង្គ្រាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អូឡេក សាយរ៉ូម៉ូឡូតូវ ថា ប្រទេសលោកខាងលិចបាននឹងកំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីអនុវត្តការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាសាកល្បងបច្ចេកវិទ្យាសង្គ្រាមតាមអ៊ីនធឺណិតថ្មី។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី RIA Novosti លោក សាយរ៉ូម៉ូឡូតូវ បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃការបាត់បង់អធិបតេយ្យភាពឌីជីថលពិតប្រាកដរបស់ទីក្រុងកៀវ កងទ័ពអ៊ីនធឺណិតរបស់អ៊ុយក្រែនពិតជាឧបករណ៍របស់ណាតូ។

លោកថា រុស្ស៊ីកំពុងប្រឈមមុខនឹងកម្រិតដែលមិនធ្លាប់មានពីមុនមក នៃការឈ្លានពានតាមអ៊ីនធឺណិត។ តួយ៉ាង នៅឆ្នាំ២០២២តែមួយគត់ ចំនួននៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី បានកើនឡើង ៨០ភាគរយ។ ភាគច្រើននៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី ត្រូវបានចាប់ផ្តើមពីទឹកដីនៃសហភាពអឺរ៉ុប រដ្ឋសមាជិកណាតូ ក៏ដូចជាអ៊ុយក្រែន។

បើតាមលោក សាយរ៉ូម៉ូឡូតូវ ហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងការវាយប្រហារតាមអ៊ីនធឺណិតដ៏ច្រើនសន្ធឹកសន្ធាប់ ដោយលោកបានបន្ថែមថា ការវាយប្រហារតាមអ៊ីនធឺណិតជាង ២៥,០០០លើក ដែលផ្តោតលើធនធានរបស់រដ្ឋាភិបាល និងការវាយប្រហារចំនួន ១,២០០លើក លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានទប់ស្កាត់នៅឆ្នាំ ២០២២នេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner