សម្ដេចតេជោ ហ៊ុន សែន៖ ការបើកលុយសុទ្ធ បង្កឱ្យមានបញ្ហាជាច្រើន និងហួសសម័យហើយ
កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឆ្លើយរបនឹងករណី ដែលចង់ស្នើរាជរដ្ឋាភិបាល បើកលុយសុទ្ធឡើងវិញ ដោយបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ថា ធ្វើមិនបាន និងថា ការបើកលុយសុទ្ធ បង្កឱ្យមានបញ្ហាជាច្រើន និងហួសសម័យហើយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សុំបញ្ជាក់ទៅកាន់មន្ត្រីរាជការថា កុំយល់ថា ខ្ញុំធ្វើតាម សុខ ទូច ។ សម្ដេច ក៏បានប្រាប់ទៅបណ្ឌិត សុខ ទូច វិញថា គួរតែខិតខំគ្រប់គ្រងមន្ត្រីខ្លួនឯងវិញ ប្រសើរជាង ចង់កែទម្រង់ឱ្យរាជរដ្ឋាភិបាល ដើរថយក្រោយ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ការបើកលុយសុទ្ធបង្កឱ្យមានបញ្ហាជាច្រើន និងហួសសម័យហើយ ដោយប្រាប់ទៅបណ្ឌិត សុខ ទូច ថា ត្រូវពង្រឹងការគ្រប់គ្រងនៅរាជបណ្ឌិតសភាវិញជាជាងមកចង់ឱ្យរដ្ឋាភិបាលដើរត្រលប់ថយក្រោយ ។
សម្ដេចតេជោ បន្ថែមថា៖ អាបើកលុយផ្ទាល់នេះបង្កើតនូវបញ្ហាច្រើនណាស់។ គ្រាន់តែយើងបើកលុយតាមធនាគារយើងបានបណ្ដេញមន្ត្រីខ្មោចជាង ៣ម៉ឺននាក់។ សម្ដេចសង្ឃឹមថា លោក សុខ ទូច ពិចារណាបញ្ហានេះឡើងវិញ៕ ដោយ វណ្ណលុក


