លោក បៃដិន ចុះហត្ថលេខាលើច្បាប់ថវិកា ១,៧ទ្រីលានដុល្លារ ក្នុងនោះមានទាំងជំនួយដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់ថវិកា ១,៧ទ្រីលានដុល្លារ ដែលនឹងផ្តល់ថវិកាសំរាប់ដំណើរការរដ្ឋាភិបាលពេញមួយឆ្នាំសារពើពន្ធខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។

លោក ចូ បៃដិន ដែលកំពុងវិស្សមកាលឆ្នាំថ្មីនៅលើកោះ សេន ក្រស (Saint Croix) នៃប្រជុំកោះខារីបៀន បានបង្ហោះរូបលោកចុះហត្ថលេខាលើពង្រាងច្បាប់ថវិកានេះ ដើម្បីអោយវាក្លាយជាច្បាប់ បន្ទាប់ពីឆ្លងកាត់ការអនុម័តពីសភាកាលពីសប្តាហ៍មុន។

តាមរយៈបណ្តាញសង្គមធ្វីតធើ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំនឹងវិនិយោគលើវេជ្ជសាស្ត្រ សុវត្ថិភាព ការមើលថែទាំមនុស្សចាស់ និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ ហើយនឹងផ្តល់មូលនិធិដល់កម្មវិធីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានស្ត្រីភេទផងដែរ។ បន្ថែមលើនេះ វាក៏រួមមានជំនួយដ៏សំខាន់សំរាប់អ៊ុយក្រែនផងដែរ។ សូមទន្ទឹងរង់ចាំជំនួយបន្ថែមទៀតនៅឆ្នាម២០២៣។

គួរបញ្ជាក់ថា កញ្ចប់ថវិកាខាងលើនេះ ក្នុងនោះ៤៥ពាន់លានសម្រាប់ជំនួយយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធទល់នឹងការឈ្លានពានពីរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗក្នុងខែធ្នូនេះ ដោយស្នើសុំអោយសហរដ្ឋអាមេរិកបង្កើនជំនួយ៕

ប្រភព៖ Alarabiya News ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner