ប្រមុខការទូតរុស្ស៊ីព្រមានថា ទីក្រុងមូស្គូនឹងកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយថា យោធារបស់ប្រទេសលោកកំពុងធ្វើការលើផែនការថ្មី ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ដែលបញ្ជូនពីបរទេសសម្រាប់កងកម្លាំងអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ី ក្នុងសប្តាហ៍នេះ លោក ឡាវរូវ បានបញ្ជាក់ថា មានការអំពាវនាវក្នុងចំណោមអ្នកជំនាញយោធាដើម្បីរំខានដល់ផ្លូវផ្គត់ផ្គង់ដែលបញ្ជូនអាវុធពីលោកខាងលិចទៅកាន់អ៊ុយក្រែន។ លោកថា តាមពិតជម្លោះនៅអ៊ុយក្រែន គឺរុស្ស៊ីប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងលោកខាងលិចដោយផ្ទាល់។
លោក ឡាវរូវ បាននិយាយនៅក្នុងការអត្ថាធិប្បាយមួយដែលបានចែករំលែកនៅលើគណនីធ្វីតធើរបស់ក្រសួងការបរទេសរុស្ស៊ីថា យើងកំពុងធ្វើសង្រ្គាមជាមួយក្រុមប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរ។
ប្រមុខការទូតរុស្ស៊ីក៏បានអះអាងនូវជំហររបស់ទីក្រុងមូស្គូដែរថា សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាមឡើងវិញ ទីក្រុងកៀវគួរតែទទួលស្គាល់ការដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនដែលគ្រប់គ្រងដោយរុស្ស៊ី។ លោកថា អាទិភាពដាច់ខាតរបស់យើង គឺតំបន់ថ្មីចំនួនបួនរបស់រុស្ស៊ី។ តំបន់ទាំងនេះគួរតែរួចផុតពីការគំរាមកំហែងនៃរបបដឹកនាំណាហ្ស៊ី (Nazification) ដែលពួកគេបានប្រឈមមុខអស់រយៈពេលជាច្រើនឆ្នាំមកនោះ៕







ប្រភព៖ Aljazeera ដោយ៖ ទីណា