អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី មានទោសជាប់ពន្ធនាគារ កើនឡើងដល់ ៣៣ឆ្នាំ
យំាងហ្គោន៖ តុលាការប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រ ទី៣០ ខែធ្នូនេះ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី រយៈពេល៧ឆ្នាំបន្ថែមទៀត សម្រាប់បទល្មើសពុករលួយចំនួន៥ មកដល់ពេលនេះ លោកស្រីត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣៣ឆ្នាំហើយ។
បទចោទប្រកាន់អំពើពុករលួយទាំង៥ករណី ថ្មីៗនេះ គឺពាក់ព័ន្ធទៅនឹងការជួលក៏ដូចជាជួសជុលថែទាំឧទ្ធម្ភាគចក្រ ដែលបានបណ្តាលឱ្យខាតបង់ថវិការបស់រដ្ឋ ពេលលោកស្រីនៅកាន់អំណាច។
វាគឺជាសាលក្រមចុងក្រោយថ្មីមួយទៀត បន្ទាប់ពីសវនាការជំនុំជម្រះក្តីរបស់លោកស្រីបានប្រព្រឹត្តអស់រយៈពេលជាច្រើនខែមកនេះ និងពុំមានការចោទប្រកាន់បន្ថែម លើលោកស្រីទៀតឡើយ។
បទល្មើសរបស់ស្រី កន្លងមក រួមមាន ការបំពានគោលការណ៍រឹតត្បិតប្រឆាំងជំងឺកូវីដ១៩, ការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា, ការល្មើសច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈកម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា៕ ប្រភពពី CNA , ដោយ៖ សារ៉ាត


