ទណ្ឌិត ៣០០នាក់ នឹងត្រូវបន្ធូរបន្ថយទោស និងលើកលែង ទោសក្នុងទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បង្ហើបឱ្យដឹងថា ឈ្មោះ ទណ្ឌិតសរុបជិត ៣០០ នាក់ នឹងត្រូវយកមកធ្វើការ វាយតម្លៃ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាស ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ឯកឧត្តម គឹម សន្តិភាព នៅថ្ងៃទី ៣០ ខែធ្នូ បានឱ្យដឹងថា ក្នុងឱកាសទិវាជ័យជម្នះលើរបប ប្រល័យ ពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយ តម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោស បានបញ្ជូនសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការ អនុគ្រោះទោសដល់ទណ្ឌិតទាំងនេះ។

ឯកឧត្តមបានឱ្យដឹងថា ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) ដែលក្នុងនោះរួមមាន បន្ថយទោសបីខែ ចំនួន ២១៥ នាក់ (ស្រី ១៧ នាក់)បន្ថយទោស ៦ ខែ ចំនួន ៥៤ នាក់ (ស្រី ៩ នាក់) បន្ថយទោសប្រាំបួនខែចំនួន ១១ នាក់ ការបន្ថយទោស ១២ ខែ ចំនួនពីរនាក់ និងលើកលែងទោសចំនួនមួយនាក់ ( ស្រី) ។
យោងរាជក្រឹត្យរបស់ព្រះមហាក្សត្រកម្ពុជា ចុះថ្ងៃទី ១២ មករា ឆ្នាំ ២០២១ ឱ្យដឹងថា ទណ្ឌិតនៅកម្ពុជាមានឱកាសស្នើសុំការ បន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងពិធីបុណ្យ សំខាន់ៗ ចំនួនប្រាំនៅកម្ពុជា ដែលក្នុងនោះរួមមាន ទិវាជ័យ ជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។ ក្នុងព្រះរាជក្រឹត្យបានចែងថា គោលបំណងសំខាន់ គឺដើម្បីធ្វើ សមាហរណកម្មទណ្ឌិតនៅកម្ពុជា ឱ្យចូលទៅរួមរស់ ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ជាដើម៕
ដោយ៖ឡាយ សាមាន

ads banner