មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបង្ហាញភស្ថុតាងភាពពាក់ព័ន្ធគណបក្សភ្លើងទៀនជាមួយនឹង ក្រុមឧទ្ទាម សម រង្ស៊ី (Video Inside)
មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណបក្សភ្លើងទៀន បានបង្ហើបជុំវិញផែនការឃុបឃិតរវាងគណបក្សភ្លើងទៀន និងមេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី ដើម្បីប៉ុនប៉ងបង្កចលាចលនៅមុនការបោះឆ្នោត សកលឆ្នាំ២០២៣។
មន្ត្រីគណបក្សភ្លើងទៀនជារៀងរាល់ដងតែបដិសេធថាគណបក្សរបស់ខ្លួនមិនដែលបានពាក់ព័ន្ធជាមួយនឹងក្រុមឧទ្ទាមក្រៅស្រុកដឹកនាំដោយ សម រង្ស៊ី នោះឡើយ ប៉ុន្តែសម្តីសារភាពរបស់ប្រធានចលនាខ្មែរឥស្លាមរបស់គណបក្សភ្លើងទៀន ឈ្មោះ ឯល រ៉ាហ្វើត បានបង្ហាញថាគណបក្សភ្លើងទៀន និងមេខ្លោងក្រុមឧទ្ទាមក្រៅស្រុកគឺជាបក្ខពួកតែមួយ។
សូមបញ្ជាក់ថាលោក ឯល រ៉ាហ្វើត បានភ្ញាក់រលឹកចាកចេញពីគណបក្សភ្លើងទៀន ដោយសារតែបណ្តាំម្តាយរបស់លោកមុនការចែកឋាន។ នេះជាការរៀបរាប់មួយរបស់ឈ្មោះ ឯល រ៉ាហ្វើត តាមបណ្តាញសង្គមជំរាបជួនសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយថ្ងៃនេះតាមប្រព័ន្ធ Fresh News។
ការបញ្ចេញសារលិខិតនេះតាមបណ្តាញសង្គម គឺនៅបន្ទាប់ពីលោក ឯល រ៉ាហ្វើត បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងលោកត្រៀមប្រកាសការផ្តាច់ខ្លួនរបស់លោកចេញពី គណបក្សភ្លើងទៀននាពេលខាងមុខបន្តិចទៀតនេះ។
គណបក្សភ្លើងទៀនតែងបដិសេធជាប់ជានិច្ចថាគណបក្សប្រឆាំងរបស់ខ្លួននេះ មិនជាប់ពាក់ព័ន្ធនឹងមេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នោះឡើយ។
គេនឹងរង់ចាំមើលថាតើគណបក្សភ្លើងទៀននឹងដោះសារយ៉ាងណាទៅវិញជាមួយនឹងភស្ថុតាងបង្ហាញការជាប់ពាក់ព័ន្ធរបស់ខ្លួនជាមួយក្រុមឧទ្ទាមខុសច្បាប់ សម រង្ស៊ី នេះ?