រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងការបញ្ចៀសចរាចរណ៍ក្នុងពេលបុណ្យ៧មករា (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះ បានសរសេរថានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងកន្លះព្រឹក គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីឲ្យការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផលដល់ផ្លូវឧកញ៉ាឈុន, លើកំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ផ្លូវឧកញ៉ាឈុន, លើកំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ, លើកំណាត់មហាវិថី ព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងលើផ្លូវនៅជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់។