មនុស្សស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ កើនដល់ ២១៨នាក់ហើយ ត្រឹមបួនថ្ងៃដំបូងនៃ “៧ថ្ងៃដ៏គ្រោះថ្នាក់” នាឱកាសបុណ្យចូលឆ្នាំថ្មី
បាងកក៖ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍នៅប្រទេសថៃបានប្រកាសកាលពីថ្ងៃច័ន្ទថា គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យបានឆក់យកជីវិតមនុស្សចំនួន ៦៦ នាក់ ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងរយៈពេល ៤ ដំបូងនៃអ្វីដែលគេហៅថា “៧ ថ្ងៃដ៏គ្រោះថ្នាក់” កើនដល់ ២១៨នាក់ហើយ។
លោក Boontham Lertsukhikasem អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ និងជាអគ្គលេខាធិការនៃមជ្ឈមណ្ឌលបានប្រាប់អ្នកសារព័ត៌មានថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៧៨ បានកើតឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃអាទិត្យ ដែលក្នុងនោះមនុស្សចំនួន ៤៦៥ នាក់បានរងរបួស និង ៦៦ នាក់បានស្លាប់។
មជ្ឈមណ្ឌលបាននឹងកំពុងតាមដានគ្រោះថ្នាក់ចរាចរណ៍ចាប់តាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ ហើយនឹងតាមដានយ៉ាងដិតដល់ នូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ រហូតដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ ជាពេលដែលពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់៕ ប្រភព៖ The Nation , ប្រែសម្រួលដោយ៖ សារ៉ាត
