ការនាំចេញម្រេចពីកម្ពុជាក្នុង១១ខែឆ្នាំ២០២២មានការថយចុះបន្តិច
ភ្នំពេញ៖ ទិន្ន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០ នៅជុំវិញពិភពលោក ចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណ ៨ ៣០៣,៩២តោន។តួលេខនេះ បង្ហាញពី ថយចុះជាង៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែល ម្រេចនាំចេញបានចំនួន ២៧ ៧៣០,០៧ តោន។ការនាំចេញម្រេចទៅកាន់ប្រទេសទាំង ២០នោះ មានរួមបញ្ចូលទាំងម្រេចកំពត ដែលជាផលិតផល សម្គាល់ ទីតាំងភូមិសាស្រ្ត (GI) និងម្រេចធម្មតាមិន មានសម្គាល់ទីតាំង ភូមិសាស្រ្ត។ ការថយចុះនេះដោយសារកក្តាមួយចំនួន។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញម្រេចនេះ គឺដោយ សារកត្តាតម្លៃ បើប្រៀបធៀបឆ្នាំ២០២២ ទៅនឹងឆ្នាំ២០២១ ឃើញថា តម្លៃខុសគ្នាច្រើន និងកត្តាមួយទៀត ដោយសារតែ សេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលធ្វើឱ្យចរាចរណ៍នៃការដើរកំសាន្តរបស់ទេសចរក្នុងពិភពលោក ថយចុះ ហើយបើគ្មានភ្ញៀវទេសចរទេ ការបញ្ជារទិញ គ្រឿងបរិភោគ ដូចជាម្រេចជាដើម ក៏ថយទៅតាមនោះដែរ ។
លោកបានបញ្ជាក់៖« ជាធម្មតាទេ កសិករតែងតែរងផលប៉ះ ពាល់ហើយ នៅពេលការលក់ចេញថយចុះបែបនេះ គ្រាន់ តែមិន ច្រើនពេកនោះទេ ព្រោះថាកសិករដែលស្តុកម្រេចទុក ភាគច្រើនគាត់បានយល់ដឹងច្រើន ពីវិធីសាស្រ្តនៃការគ្រប់គ្រង ចំណូលចំណាយ និងអាចដោះស្រាយបានបញ្ហាចំពោះមុខ។

ចំណែកកសិករមួយចំនួនតូចប៉ុណ្ណោះ ដែលមានផលប៉ះពាល់ ដោយ សារបញ្ហាការបង្វិលថវិកា»។ លោក ម៉ាក នី បន្តថា ជាទូទៅកម្ពុជា អាចផលិតម្រេចធម្មតាបានក្នុងរង្វង់ ១,៧ ទៅ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ និងមានផ្ទៃដីដាំម្រេចសរុបមាន ប្រមាណ ជិត៧០០០ហិកតា តែបច្ចុប្បន្ននេះបានថយចុះ ប្រមាណ ១០ទៅ២០ភាគគរយ។
លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើន សម្រាប់បំពេញ តម្រូវការការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុង ស្រុកមានតិចតួចប្រមាណ៥ភាគរយទៅ៧ភាគរយ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ បើធៀបនឹងចំនួនម្រេចដែលផលិតបានសរុប។
ចំណែកលោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បាន ប្រាប់ឱ្យដឹងថា ការលក់ម្រេចកំពតនៅឆ្នាំនេះ មានការថយច្រើន ដោយចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ ខែវិច្ឆិកា ម្រេចកំពតលក់ចេញបានប្រមាណ តែជាង៨០ តោន ប៉ុណ្ណោះ ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនលក់ បានជាង១១៤តោនទៅហើយ។
លោកបានបន្ថែមថា ការបញ្ជាទិញពីក្រុមហ៊ុននៅឆ្នាំនេះ ហាក់ មានភាពរអាក់រអួលច្រើន ដោយក្រុមហ៊ុនភាគ ច្រើនអះអាថា ដោយសារការធ្លាក់នៃប្រាក់តម្លៃប្រាក់អឺរ៉ូ បើធៀបនឹងប្រាក់ ដុល្លារ ខណៈក្រុមហ៊ុនប្រើប្រាស់ប្រាក់ដុល្លារដើម្បី ទិញ ម្រេចពីសមាគម និងបញ្ហាមួយចំនួនទៀតដោយសារ តែវិបត្តិសង្គ្រាមអ៊ុយក្រែន បន្តអូសបន្លាយថែមទៀត។
លោកបានបញ្ជាក់បន្ថែមថា៖« ក្រុមហ៊ុនលើកឡើងថា ព្រោះ តែវិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះ ពលរដ្ឋនៅ សហគមន៍អឺរ៉ុប មិនសូវមានការចាបអារម្មណ៍លើការហូបនោះទេទើបការបញ្ជារទិញថយចុះទៅតាមនោះដែរ ហើយរអាក់រអួលទៅតាម ហ្នឹងដែ រ»។
លោកបានឱ្យដឹងទៀតថា ការថយចុះនៃការនាំម្រេចកំពត ចេញបែបនេះ បានធ្វើឱ្យកសិករខ្នាតតូច ដែលបានធ្វើកុងត្រា ជាមួយក្រុមហ៊ុនធ្លាក់ចំណូលនៅឆ្នាំ២០២២ ដោយកសិករ ទើបតែទទួលប្រាក់៦០ភាគរយ ពីក្រុមហ៊ុន នៅ៤០ភាគរយ មិនទាន់បាននៅឡើយ ព្រោះភាពរអាក់រអួលនៃការ បញ្ជាទិញនេះ។
ប្រធានសមាគមម្រេចកំពតរូបនេះ យល់ថា បញ្ហានេះនឹងនៅ តែបន្តិចអូសបន្លាយរហូតដល់ឆ្នាំ២០២៣នេះ បន្តទៀត ដោយហេតុថា ក្រុមហ៊ុនបញ្ជាទិញចាប់ផ្តើមស្នើបញ្ចុះតម្លៃ ម្រេចកំពតបណ្តើរៗ តែកសិករមិនទាន់យល់ព្រមនៅឡើយទេ ព្រោះបើសិន តម្លៃម្រេចត្រូវចុះជាងនេះទៀត នោះអាចនឹង មានអ្នកបោះបង់របរដាំម្រេចនេះចោល ដោយសារ មិនចំណេញ។ លោកថា ជាទូទៅ រៀងរាល់ដើមឆ្នាំ តែងតែមានក្រុមហ៊ុនកក់ម្រេចខ្លះ តែដើមឆ្នាំ២០២៣នេះ សមាគមមិនទាន់មានទទួលបានការកក់ពីក្រុមហ៊ុននៅឡើយនោះទេ។
បើតាមប្រធានសមាគមម្រេចកំពត មាន៣១ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ប៉ុន្តែមានក្រុមហ៊ុនតែ ប្រាំមួយ ក្រុមហ៊ុន ធំៗប៉ុណ្ណោះ ដែលបានធ្វើកុងត្រាបញ្ជាទិញពីកសិករ ក្រៅពីនេះមិនទាន់បានធ្វើកុងត្រានៅឡើយទេ ។ចំពោះផ្ទៃដីដាំដុះម្រេច មានការថយចុះ ពី២៩០ហិកតា មកនៅត្រឹម២៤០ហិកតា ដោយសារកសិករខ្លះបានបោះបង់ របរបដាំ ម្រេចនេះចោល។
សូមជម្រាបថា ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែល មានការដាំដុះម្រេច ហើយនៅក្នុងនោះខេត្ត ដែលសម្បូរការ ដាំដុះម្រេចច្រើន រួមមាននៅខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងខេត្តកំពតជាដើម៕
ដោយ៖វណ្ណ សុជាតា