ប្រជាជនប៉ាគីស្ថាន ៨លាននាក់នៅតែរស់នៅភៀសខ្លួន បន្ទាប់ពីទឹកជំនន់កាលពីរដូវក្តៅមុន
ហ្សឺណែវ៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សប្រហែល ៨លាននាក់នៅតែផ្លាស់ទីលំនៅ បន្ទាប់ពីទឹកជំនន់កាលពីរដូវក្តៅមុននៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីទឹកនៅតែមិនទាន់ស្រកក្នុងតំបន់មួយចំនួន។

លោក ខាលីល ហាស់ស្មី បានប្រាប់សន្និសីទសារព័ត៌មានថា មានតម្រូវការបន្ទាន់សម្រាប់ការតាំងទីលំនៅ ហើយការខូចខាតដោយសារគ្រោះទឹកជំនន់បានប៉ះពាល់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជនប៉ាគីស្ថាន។ ចំណែកលោក ខ្នូត អូសប៊ី អ្នកតំណាងប្រជាជននៅប្រទេសប៉ាគីស្ថាន នៃទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សជាង ១,៧០០នាក់បានស្លាប់ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ខ្យល់មូសុង។

ទន្ទឹមគ្នា លំនៅដ្ឋានយ៉ាងតិច ២លានខ្នងត្រូវបានបំផ្លាញ ឬរងការខូចខាត រួមជាមួយនឹងផ្លូវប្រវែង ១៣,០០០គីឡូម៉ែត្រ ផ្លូវរថភ្លើងប្រវែង ៣,០០០គីឡូម៉ែត្រ ស្ពានចំនួន ៤៣៩កន្លែង និងផ្តៃដីកសិកម្មចំនួន ៤,៤លានហិចតា។ លោកបន្ថែមថា ដោយសារនៅតែមានទឹកនៅក្នុងតំបន់មួយចំនួននោះ មនុស្សជាច្រើនមិនអាចវិលទៅរកជីវភាពធម្មតាវិញបានទេ ដូច្នេះហើយពួកគេនៅតែពឹងផ្អែកលើជំនួយមនុស្សធម៌ដដែល។

សូមជម្រាបថា សន្និសីទអន្តរជាតិស្តីពីការធន់នឹងអាកាសធាតុប៉ាគីស្ថាន ដែលរៀបចំដោយរដ្ឋាភិបាលប៉ាគីស្ថាន និងអង្គការសហប្រជាជាតិ គ្រោងប្រព្រឹត្តទៅនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ គោលបំណងនៃសន្និសីទនេះ គឺដើម្បីប្រមូលផ្តុំមេដឹកនាំវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើតការគាំទ្រផ្នែកហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា