ការលក់រថយន្តរបស់ក្រុមហ៊ុន Ford ធ្លាក់ចុះ ២.២ភាគរយក្នុងឆ្នាំ ២០២២

ឈីកាហ្គោ៖ ក្រុមហ៊ុន Ford Motor Co បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនលក់រថយន្តបានចំនួន ១,៨៦៤,៤៦៤គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ធ្លាក់ចុះ ២.២ភាគរយ បើធៀបនឹងឆ្នាំមុន លក់បានចំនួន ១,៩០៥,៩៥៥គ្រឿង។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ លក់រថយន្តបានចំនួន ១៧៩,២៧៩គ្រឿងក្នុងខែធ្នូឆ្នាំមុន កើនឡើង ៣.២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ភាគហ៊ុនទីផ្សាររបស់ក្រុមហ៊ុន Ford សម្រាប់ឆ្នាំ ២០២២ បានកើនឡើង ០.៧ភាគរយ ដោយសារការកើនឡើងនៃការលក់រថយន្តអគ្គិសនី (EV)។ ក្រុមហ៊ុន Ford បានលក់រថយន្តអគ្គិសនីបានចំនួន ៦១,៥៧៥គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ កើនឡើង ១២៦ភាគរយ បើធៀបនឹងឆ្នាំមុន។

ប្រការនេះធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំទីពីរនៃការលក់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Tesla Inc.។
ទន្ទឹមគ្នា ក្រុមហ៊ុន Ford មានបំណងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួន ដល់ ៦០០,០០០គ្រឿងនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២៣។

ដោយឡែកក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដូចជា Kia Corp., Hyundai Motor Co., Honda Motor Co., Nissan Motor Co. Ltd. និង Subaru of America Inc. ទាំងអស់ ក៏បានរាយការណ៍ពីការលក់ធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ផងដែរ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner