ឯកឧត្តម ទេព ងន អញ្ជើញក្រុងពាលីសុំសេចក្តីសុខ មុនប្រារព្ធខួប ៧មករា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សមាជិអចិន្ត្រេយ៍ និងជាប្រធានគណៈកម្មការបុណ្យផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ មុនប្រារព្ធខួប ៧មករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

សូមជម្រាបថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្រប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០២៣) ក្នុងនោះ ក៏នឹងមានអ្នកចូលរួមដែលត្រូវបានប៉ាន់ប្រមាណថា ប្រហែលជាង ៥ម៉ឺននាក់ ។

គួររំលឹកថា ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរ ត្រូវបានបង្កើតឡើងវិញ និងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះដ៏មានប្រជាប្រិយភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជា បានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៏ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ដូច្នេះ រយៈពេល ៤៤ឆ្នាំ បន្ទាប់ពីបើកទំព័រនៃសករាជថ្មី ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងមានភាពឯកភាពជាតិ ៕ ដោយ ៖ វណ្ណលុក
