កម្ពុជា និង តួគី នឹងបើកកិច្ចប្រជុំពិភាក្សាលើពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ក្នុងពេលឆាប់ៗនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ:កម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី៣នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម និង
វិស័យពាក់ព័ន្ធដទៃទៀត ក្នុងន័យជំរុញនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី។

កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើកំណត់ហេតុរួមនៃកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីនេះ ដោយលោកស្រី បានស្នើដល់តំណាងអន្តរក្រសួងទាំង១៤ស្ថាប័ន ចូលរួមពិភាក្សានិងផ្តល់ធាតុចូលឱ្យបានផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នាពេលខាងមុខឱ្យទទួលជោគជ័យនិងប្រកបដោយប្រសិទ្ធភាព។

លោកស្រី បានមានប្រសាសន៍ថា ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យអាទិភាពរួមមាន ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរ ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ក្នុងន័យជំរុញនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ស្របតាមគោលនយោបាយស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពី ការរងវិបត្តិសកលកូវីដ១៩។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលនឹងធ្វើនៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ គឺជាការឆ្លើយតបដំណើរទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានជួបពិភាក្សាជាមួយសមាគម និងវិនិយោគិននៃប្រទេសតួគី នៅអំឡុងពេលអមដំណើររដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅសម្ពោធស្ថានទូតកម្ពុជា នៅទីក្រុង អង់ការ៉ា ប្រទេសតួកគី កាលពីខែមីនា ឆ្នាំ២០២២។

លោកបានបន្ថែមថា នៅអំឡុងពេលទស្សនកិច្ចនោះ សមាគមពាណិជ្ជកររតួគី បានសន្យាថា នឹងមកបំពេញទស្សកិច្ច ក៏ដូចជា ស្វែងរកឱកាសវិនិយោគបន្ថែមទៀត នៅកម្ពុជា ដែលកិច្ចប្រជុំនៅរាជធានីភ្នំពេញ នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំសមាជិកចូលរួមផងដែរ។

ឧកញ៉ាបានបញ្ជាក់ថា៖« នៅថ្ងៃប្រជុំនោះ សភាពាណិជ្ជកម្ម ក៏មានរៀប Dinner business networking មួយ ជាមួយតំណាង សមាគមពាណិជ្ជករ និងវិនិយោគិនមកពីតួកគីផងដែរ ដើម្បីជំរុញនូវការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិ លើវិស័យ សេដ្ឋកិច្ច ដែលប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ ដើម្បីឱ្យដំណើរកាន់តែល្អប្រសើរ។ ម្យ៉ាង វិញទៀត ខាងសមាគមពាណិជ្ជករតួកគី ធ្លាប់បានអះអាងថា នៅអំឡុងពេលមកទស្សកិច្ចនៅកម្ពុជា ពួកគេនឹងចាប់យកឱកាសវិនិយោគក្នុងវិស័យណាមួយដែលមានសក្តានុពលនៅកម្ពុជា»។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦.១៤៩ លានដុល្លារអាមេរិក ដែលកើនឡើង ៦៣,៦ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះ កម្ពុជានាំចេញមុខទំនិញ ទៅ តួកគី ដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើរ អង្ករ ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគី មានដូចជា ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕
ដោយ:វណ្ណ សុជាតា

ads banner