ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលមន្រ្តី សហព័ន្ធ កីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ត្រូវត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ-មន្រ្តី សហព័ន្ធ និងគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ, ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ, ឯកឧត្តម ចាយ ស៊ីជឿន តំណាងឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អនុប្រធានសហព័ន្ធ, ឯកឧត្តម លោក លោកស្រី គណៈកម្មការបច្ចេកទេសសហព័ន្ធ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយ ឯកឧត្តម អស់លោក លោកស្រី និងគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាដែលបានខិតខំអនុវត្តការងារកន្លងមកបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថាការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនកន្លងមក ក៏ដូចជាការចូលរួមកម្មវិធីប្រកួតកម្រិតអន្តរជាតិនានា ពិតជាបានផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីយើង បានបញ្ចេញនូវទេពកោសល្យ និងជាការវាស់ស្ទង់នូវសមត្ថភាពបច្ចេកទេស ដែលបានខិតខំហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែល ទទួលបានកន្លងមកនេះ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈតម្រង់ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងហែលឆ្លងកាត់នូវភាពលំបាក និងភាពប្រឈម កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីសំណាក់ប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ាន ស្ថាប័នអន្តរជាតិសំខាន់ៗ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចពិភពលោក ដោយទទួលបានជោគជ័យគួរជាទីមោទកៈ ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពិតជាបានបង្ហាញ និងលើកមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសគឺវីរៈភាព និងកិត្តិនាមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាប្រធានអាស៊ានប្តូរវេន និងជាប្រមុខដឹកនាំដ៏ឆ្នើមឧដុង្គឧត្តមបំផុត។ អ្វីដែលពិសេស និងកម្រមាននោះគឺ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទទួលនូវ “ពានរង្វាន់សមិទ្ធផលពេញមួយជីវិត នៃមេដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
ចំពោះកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅកម្ពុជាវិញ ឯកឧត្តមរដ្ឋមន្រ្តី យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន ប្រភេទកីឡានេះ នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗពីមហាជន ទន្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ជាអាទិ៍ក្នុងការចូលរួមពីរកីឡាករ ជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅថ្ងៃអនាគត ក្នុងនាមសហព័ន្ធ ឯកឧត្តម សូមកោតសរសើ និងវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ


