លោក ចូ បៃដិន អញ្ជើញប្រធានាធិបតីប្រេស៊ីលមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្រោយមានអំពើហិង្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលសមភាគីប្រេស៊ីល លោក ល្វីស អ៊ីណាត្យូ លូឡា ដាស៊ីលវ៉ា សម្រាប់ដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកនៅដើមខែកុម្ភៈខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយក្នុងថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរ។

ដំណើរទស្សនកិច្ចដែលអញ្ជើញដោយលោក បៃដិន ត្រូវបានទទួលយកពីលោក លូឡា ដាស៊ីលវ៉ា។ នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះ លោក បៃដិន ថ្កោលទោសអំពើហឹង្សា និងការវាយប្រហារលើស្ថាប័នប្រជាធិបតេយ្យ ក៏ដូចជាការផ្ទេរអំណាចដោយសន្តិវិធី ដែលពិភពលោកបានឃើញនៅទីក្រុងប្រាស៊ីលីយ៉ា រដ្ឋធានីរបស់ប្រទេសប្រេស៊ីល ខណៈដែលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ច៊ែរ បុលសូណារ៉ូ បានសម្រុកចូលវិមានប្រធានាធិបតី អគារសភា និងតុលាការកំពូលនៅថ្ងៃអាទិត្យសប្តាហ៍មុន។

គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរបានចាប់ខ្លួនមនុស្សជាង ១,០០០នាក់ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយរដ្ឋមន្ត្រីយុត្តិធម៌ប្រេស៊ីល លោក ហ្វ្លាវីយ៉ូ ឌីណូ។ អ្នកគាំទ្រលោក បុលសូណារ៉ូ កំពុងតវ៉ាប្រឆាំងនឹងការបរាជ័យរបស់អតីតប្រធានាធិបតីរូបនេះ ដោយលោក លូឡា ដាស៊ីលវ៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា។

លោក បុលសូណារ៉ូ មិនបានចូលរួមពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែងរបស់គាត់នៅថ្ងៃទី០១ ខែមករានោះទេ ហើយឥឡូវនេះលោកកំពុងស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅទីនោះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner