ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់អនុសាស្រ្ត ៨ចំណុចដល់សហព័ន្ធទូក ដើម្បីពង្រឹងឱ្យមានវឌ្ឍនភាពទាំងបរិមាណ និងបច្ចេកទេស សម្រាប់ឆ្ពោះទៅស៊ីហ្គេម

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានធ្វើពិធីសំណេះសំណាល និងទទួលអនុសាសន៍ណែនាំផ្តាំផ្ញើ ជូនថ្នាក់ដឹកនាំ មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជម្រើសជាតិ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងពិធីសំណេះសំណាល នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំអនុវត្តការងារកន្លងមកបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។

ឯកឧត្តម្ភ បានថ្លែងថា៖ «ជាការពិតណាស់ ការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនកន្លងមក ក៏ដូចជាការទៅចូលរួមប្រកួតអន្តរជាតិនានា វាផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីរបស់យើង បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ ហើយជ័យជម្នះ ដែលកីឡាករ កីឡាការិនី ទទួលបានកន្លងមកនេះ វាជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ កីឡាការិនី ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។

ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ នយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានេះដែរ ដោយទទួលបានទំនុកចិត្តពី គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី គឺកម្ពុជា ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ យើងទាំងអស់គ្នា សូមអរគុណ «សន្តិភាព» ដែលផ្តល់ឱកាសឱ្យយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែម ។

ស្របពេលនេះ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានសង្កេតឃើញថា ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗ ពីមហាជន ខណៈដែលសមត្ថភាពរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានជាអាទិ៍ក្នុងការចូលរួមពីកីឡាករជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅថ្ងៃអនាគត។
«ក្នុងនាមសហព័ន្ធ ខ្ញុំសូមកោតសរសើ និងវាយតម្លៃខ្ពស់ ក្នុងការខិតខំប្រឹងប្រែងនេះ»។ តែយ៉ាងណាក៏ដោយ ដើម្បីឱ្យប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ ទូកនាគ កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ឯកឧត្តមបានផ្តល់អនុសាសន៍ចំនួន៨ចំណុច ដូចខាងក្រោម៖

១-ត្រូវរៀបចំផែនយុទ្ធសាស្ត្រការងារ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យ។

២-កីឡាករ កីឡាការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ គោរពវិន័យក្នុងការហ្វឹកហាត់ ដើម្បីបង្កើនសម្ថតភាពរបស់ប្អូនឱ្យកាន់តែខ្លាំង និងរីកចំរើនបន្ថែមទៀត ។

៣-ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ប្រចាំថ្ងៃរបស់កីឡាករ កីឡាការិនី។

៤-ត្រូវពង្រឹង រចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ដោយផ្តោតសំខាន់លើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

៥-ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។

៦-ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភនានាបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានកាន់តែច្រើនក្នុង១ឆ្នាំៗ តាមដែលអាចធ្វើទៅបាន។

៧-ត្រូវជំរុញការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជន ជាតិ-អន្តរជាតិ ឱ្យកាន់តែច្រើនទៀតកាន់តែច្រើនបន្ថែមទៀត។

៨-ត្រូវមានទំនាក់ទំនងសារព័ត៌មានឱ្យជួយបំផុសនិយមន័យកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺជាកីឡារស់ក្នុងសន្តិភាព និងអរគុណសន្តិភាព។

សូមបញ្ជាក់ថា ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តែងតាំង ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងពិធីសំណេះសំណាល និងទទួលអនុសាសន៍ណែនាំផ្តាំផ្ញើ ជូនថ្នាក់ដឹកនាំ មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជម្រើសជាតិ កីឡាទូកប្រពៃណីខ្នាតអន្តរជាតិនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានឧបត្តម្ភថវិកា១០លានរៀល ជូនសហព័ន្ធផងដែរ ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ព្រមទាំងគ្រូបង្វឹករួមសាមគ្គី និងខិតខំប្រឹងប្រែងអនុវត្តការងារបន្តឱ្យទទួលបានជោគជ័យ៕ ចាន់ វិចិត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner