ខេត្តបាត់ដំបង បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-19 ដូសជំរុញទី៦ ដល់មន្រ្តីជួរមុខ និងប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត.
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បើកយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ-19 ដូសជម្រុញទី៦ ជូនដល់មន្ត្រីរាជការកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងខេត្តរបស់ខ្លួន ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ តទៅ ។
ការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនេះ គឺដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតម្រូវឲ្យពលរដ្ឋគ្រប់ខេត្ត-រាជធានី ត្រូវបន្តចាក់ដូសជម្រុញជូនប្រជាពលរដ្ឋទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីរួមគ្នាបង្ការទប់ស្កាត់កុំឲ្យជំងឺកូវីដ-19ផ្ទុះឆ្លងសាជាថ្មីឡើងវិញ ខណៈជំងឺរាតត្បាតនេះ វាមិនទាន់ផុតរលត់ពីពិភពលោក។
ឯកឧត្តម ទីន សារ៉ាវុធ អភិបាលរង តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ការចាក់វ៉ាក់សាំង គឺអាចជួយការពារប្រជាពលរដ្ឋ ពីការឆ្លង និងការចម្លងជំងឺកូវីដ-19បាន តែបើទោះបីឆ្លង ក៏វាមិនបណ្ដាលឱ្យអ្នកជំងឺធ្ងន់ធ្ងរនោះទេ។
ឯកឧត្តម ទីន សារ៉ាវុធ ក៏បានថ្លែងអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវនាំគ្នាបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ទាំងដូសទី៤ ដូសទី៥ និងដូសទី៦ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ឲ្យបានពីការងើបឡើងវិញនៃជំងឺកូវីដ-19 ។
តាមការគូសបញ្ជាក់ពីលោក ចេង លីស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា៖ប្រជាពលរដ្ឋនិងកុមារនៅក្នុងខេត្តបាត់ដំបងរហូតដល់ទៅជាង៩០ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19(ដូសមូលដ្ឋាន)។ ប៉ុន្តែចាប់ពីដូសជំរុញទី៣,ទី៤,និងទី៥ អត្រាអ្នកចាក់វ៉ាក់សាំង នៅមានចំនួនទាបបំផុត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

