ប្រមុខ អ.ស.ប ជំរុញឱ្យជួយជ្រោមជ្រែងកសាងប្រទេសប៉ាគីស្ថានឡើងវិញ ក្រោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ
ហ្សឺណែវ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពជាមួយប៉ាគីស្ថាន និងគាំទ្រដល់ការកសាងប្រទេសនេះឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីរដូវក្តៅមុន។
សន្និសីទអន្តរជាតិស្តីពីភាពធន់នឹងអាកាសធាតុរបស់ប៉ាគីស្ថាន ដែលរៀបចំឡើងដោយរដ្ឋាភិបាលប៉ាគីស្ថាន និងអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្នុងថ្ងៃចន្ទសប្តាហ៍នេះ។ នាឱកាសនោះដែរ លោក ហ្គូទែរ៉េស បានបញ្ជាក់ថា អាស៊ីខាងត្បូងគឺជាចំណុចក្តៅនៃវិបត្តិអាកាសធាតុរបស់ពិភពលោក ដែលមានមនុស្សស្លាប់ដោយសារផលប៉ះពាល់អាកាសធាតុរហូតដល់ ១៥ដង ច្រើនជាងកន្លែងផ្សេងទៀត។
លោកថា ដែនកំណត់នៃការឡើងកំដៅត្រឹម ១.៥អង្សារសេ ដែលជាការយល់ព្រមជាសកលថា ជាមធ្យោបាយតែមួយគត់ ដើម្បីការពារភពផែនដី និងអនាគតនោះ គឺកាន់តែមិនអាចសម្រេចបាន។ ចំណែកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេបាស់ ហ្សារីសហ្វ បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលរបស់គាត់បានរៀបចំផែនការក្របខ័ណ្ឌដ៏ទូលំទូលាយមួយសម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញ ដែលហៅកាត់ថា (4RF)។
ផ្នែកដំបូងនៃផែនការ 4RF ឆ្លុះបញ្ចាំងពីអាទិភាពសម្រាប់ការងើបឡើងវិញ និងការកសាងឡើងវិញ ដោយត្រូវការថវិកាមូលនិធិអប្បបរមាចំនួន ១៦.៣ពាន់លានដុល្លារ ដែលពាក់កណ្តាលត្រូវបានស្នើឱ្យបំពេញពីធនធានក្នុងស្រុក និងពាក់កណ្តាលទៀតពីដៃគូអភិវឌ្ឍន៍របស់យើង។
យោងតាមតួលេខផ្លូវការ គ្រោះទឹកជំនន់បានប៉ះពាល់ដល់មនុស្សចំនួន ៣៣លាននាក់ ដោយមនុស្សជាង ១,៧៣០នាក់បានស្លាប់ និងលំនៅដ្ឋានប្រមាណ ២លានខ្នងត្រូវរងផលប៉ះពាល់។ ចំណែកសាលារៀន និងមន្ទីរពេទ្យរាប់ពាន់កន្លែងទៀតក៏ត្រូវរងការខូចខាត ឬបំផ្លាញផងដែរ។
ដោយឡែកអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជាលំដាប់ ដែលជំរុញឱ្យមនុស្សចំនួន ៩.១លាននាក់បន្ថែមទៀត ស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

