សម្ដេចក្រឡាហោម ថ្លែងអំណរគុណអូស្ដ្រាលី ដែលបានជួយគាំទ្រផ្ដល់ការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព ដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងការសម្អាតប្រាក់ និងគ្រឿងញៀន ដែលកិច្ចការងារនេះ ក៏បានរួមចំណែកដល់ការងារប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាលា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកម្មការទូតនៅប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះបារសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ និងមានសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានកត់សម្គាល់នូវកិច្ចការងារសំខាន់ៗមួយចំនួនរួមមាន៖ ទី១. អូស្ដ្រាលី បានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រដំណើរការការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលសម្ដេចបានចាត់ទុកថានេះ គឺជាជោគជ័យដែលកម្ពុជាទទួលបានក្នុងកិច្ចការងារនេះ ដែលមានការចូលរួមចំណែក ជួយគាំទ្រពីរដ្ឋាភិបាល និងប្រជាជនអូស្ដ្រាលីផងដែរ។ ទី២. ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋាភិបាលអូស្ដ្រាលី បានចូលរួមចំណែកជួយគាំទ្រដល់កម្ពុជាផងដែរ ជាពិសេសនោះ គឺទៅលើកិច្ចការគណនេយ្យភាពសង្គម ដែលអូស្ដ្រាលី បានជួយគាំទ្រក្នុងដំណាក់កាលនេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវភាពរីករាយក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់នូវការគាំទ្ររៀបចំនូវច្បាប់ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្តមួយចំនួន ក្នុងនោះរួមមាន៖ សេចក្ដីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ មួយវិញទៀត គឺពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលបច្ចុប្បន្នច្បាប់ទាំងពីរនេះបានចូលជាធរមាន និងដាក់ឱ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជា រួចមកហើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អដែលបាននាំមកនូវសមិទ្ធផលជាច្រើន រវាងភាគីអូស្ដ្រាលី ជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លើសពីនេះ សម្ដេចក្រឡាហោម ក៏បានអរគុណបន្ថែមទៀតចំពោះការគាំទ្ររបស់អូស្ដ្រាលី មកដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការគាំទ្ររបស់អូស្ដ្រាលី មកដល់ការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិកម្ពុជា។
ពាក់ព័ន្ធទៅនឹងដំណើរការត្រៀមលក្ខណៈសម្រាប់ការងារបោះឆ្នោត សម្ដេចក្រឡាហោម ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត សម្ដេចនឹងខិតខំធ្វើយ៉ាងណា សហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត ៕ ដោយ-រ៉ាវុធ

