សៀវភៅព័ត៌មាន ទីផ្សារធំៗ ពីរ គឺជាមគ្គុទ្ទេសក៍បង្កើតប្រយោជន៍ សម្រាប់វិស័យកសិកម្មរយៈពេលវែង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សៀវភៅឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗ ចំនួន ពីរ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយត្រូវបាន ក្រសួង ពាណិជ្ជកម្ម កម្ពុជាសហការជាមួយស្ថានទូតអូស្រ្តាលី និងស្ថាប័ន ពាក់ព័ន្ធ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

កម្ពុជា-អូស្រ្តាលី បានបង្ហាញក្តីរំពឹងទុកថា សៀវភៅព័ត៌មានទីផ្សារធំៗ ទាំងពីរនេះ គឺជាមគ្គុទ្ទេសក៍ដែលបង្កើតបានជាប្រយោជន៍សម្រាប់ វិស័យ កសិកម្មកម្ពុជារយៈពេលវែងផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួនពីរ គឺសៀវភៅ កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និងសៀវភៅកម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ច ព្រម ព្រៀង ពាណិជ្ជកម្មសេរី។ចំពោះសៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុបនិងអាសិបនេះគឺជាសៀវភៅដែលបានផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យ និង ភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ ផ្សេង ទៀត, ការប្រើប្រាស់ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និង ឱកាស សក្តានុពល។

ឯកឧត្តមអះអាងថា ៖ «ចំពោះដំណាំ និងកសិផលសំខាន់របស់ កម្ពុជា ដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះ រួមមាន ស្វាស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក ប៊័រ ល្ង និង ផ្លែឈើ កែច្នៃជាដើម»។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា សម្រាប់សៀវភៅ ព័ត៌មានស្តីពីកម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វាក៏ជាសៀវភៅដែលនឹងផ្តល់ ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជា ប្រទេសហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិននិងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាដើម។សៀវភៅព័ត៌មាននេះ នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវ កាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថ ប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ហេតុនេះសៀវភៅទាំងពីនេះ គឺមានសក្ដានុពលក្នុងការបង្កើត ផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។

ចំណែកឯគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលត្រូវបានក្រសួងពាណិជ្ជកម្ម និងស្ថានទូត អូស្រ្តាលីប្រចាំកម្ពុជា សម្ពោធដាក់ឱ្យដំណើរការ ក្នុងនោះរួមមាន៖ គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យ បញ្ជាក់ដើមកំណើតទំនិញ និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើត ទំនិញ ជាអន្តរជាតិ។
គម្រោងថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធាន ដើម កំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមាន ការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ ដើមកំណើតទំនិញផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរ លោក ផាប្លូ កាង(Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា គូសបញ្ជាក់ដែរថា តាម រយៈសៀវភៅឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួនពីរ និងគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលនេះ នឹងជំរុញការអភិវឌ្ឍ បង្កើត ឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការ ទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការនាំចេញ ការនិយោគ ការធ្វើពាណិជ្ជកម្មសម្រាប់កម្ពុជាថែមទៀត។

លោកបានបញ្ជាក់ថា ៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគ សម្រាប់កម្ពុជា ហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជា ខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើ ពិពិធកម្មដំណាំ និងទីផ្សារនាំចេញផងដែរ»។

សូមបញ្ជាក់ដែរថា សៀវភៅទាំងពីរនេះ ត្រូវបានរៀបរៀង ឡើង ដោយមានការគាំទ្រពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ខណៈគម្រោងថ្នាលឌីជីថលតែមួយ គឺត្រូវបានគាំទ្រ ដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀតរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថាកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។

CAP RED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស អូស្ត្រាលី នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៨៧ លានដុល្លារ អូស្រ្តាលី។ CAP RED នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរៀបចំខ្លួនសម្រាប់ការចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់គោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយបរិយាបន្ន និងកសាងប្រព័ន្ធដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។

ក្រៅពីប្រកាសដាក់ឱ្យដំណើរការសៀវភៅទាំងពីរ និងគម្រោង អភិវឌ្ឍន៍ ថ្នាល ឌីជីថលហើយនោះ ក្រសួងពាណិជ្ជកម្ម និង រដ្ឋាភិបាលអូស្ត្រាលី ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី ហើយនឹងបន្ត កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកថែមទៀត៕
ដោយ៖សែម ពិសី

ads banner