វៀតណាមគ្រោងផ្លាស់ប្ដូរគោលនយោបាយទិដ្ឋាការ​ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស

ហាណូយ៖វៀតណាមផ្លាស់ប្ដូរគោលនយោបាយទិដ្ឋាការដើម្បី ទាក់ទាញភ្ញៀវទេសចរបរទេស។អាជ្ញាធរវៀតណាមរំពឹងថា ប្រទេសខ្លួនអាចនឹងទាក់ទាញភ្ញៀវទេសចរប្រមាណ៨លាននាក់នៅឆ្នាំ២០២៣នេះ។

សារព័ត៌មានវៀតណាមផ្សាយថា នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ(Pham Minh Chinh) បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ សម្រួលនីតិវិធីរដ្ឋបាលក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកដល់ជនបរទេស និងផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការបច្ចុប្បន្ន ដើម្បីសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។

ប្រភពដដែលបន្តថាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើឡើងដោយសារតែវិស័យទេសចរណ៍ប្រទេសវៀតណាមស្ទុះងើបយឺតឆ្ងាយពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍មួយចំនួនបើទោះបីជាប្រទេសនេះបើកឡើងវិញឆាប់ក៏ដោយ។

លោកនាយកដ្ឋមន្ត្រី ជំរុញឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បញ្ចប់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្នុងដំណាក់កាលក្រោយកូវីដហើយដាក់ជូនរដ្ឋាភិបាលអនុម័តនៅចុងខែនេះ។
នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុនស្តីពីការស្តារឡើងវិញនូវទេសចរណ៍អន្តរជាតិក្រោយកូវីដ១៩ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានស្នើរដ្ឋាភិបាលបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសឱ្យដល់រយៈពេល៣០ថ្ងៃនិងផ្តល់ទិដ្ឋាការពេលមកដល់(Visa arrival )សម្រាប់ជន បរទេស ។

លោក ហ័ង ញាន ជិញ(Hoang Nhan Chinh) អគ្គលេខាធិការ ក្រុម ប្រឹក្សាទេសចរណ៍វៀតណាមបាននិយាយថា ប្រទេស វៀតណាម គួរតែពង្រីកបញ្ជីប្រទេសដែលមានសិទ្ធិលើក លែង ទិដ្ឋាការ ព្រមទាំកផ្ដល់ទិដ្ឋាការស្នាក់នៅអតិបរមារហូតដល់៤៥ថ្ងៃ ដូចដែលប្រទេសថៃបានធ្វើ។

អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោក Luong Tam Quang បានអះអាងថា ទិដ្ឋាការមិនមែនជារឿងតែ មួយគត់ ដែលរារាំងដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍នោះទេ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៃប្រទេស និងដែនដីចំនួន៨០អាច ដាក់ពាក្យសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលប្រទេស វៀតណាម ដោយមិនចាំបាច់ឆ្លងកាត់ទីភ្នាក់ងារ ឬស្ថាប័នធានា នោះទេ។

វៀតណាមទទួលបានភ្ញៀវទេសចរបរទេសតែ៣,៦លាននាក់កាលពីឆ្នាំមុន ដែលមានតែ៧០ភាគរយនៃគោលដៅកំណត់របស់ខ្លួន៕
ដោយ៖វណ្ណស័ក្ដិ

ads banner