ណាតូ និងសហភាពអឺរ៉ុប សម្លឹងមើលការបង្កើនភាពជាដៃគូ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ី
អឺរ៉ុប៖អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និង សហភាព អឺរ៉ុប កំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ី ដែលឈ្លាន ពាន អ៊ុយក្រែន ហើយបង្កជាហានិភ័យសម្រាប់សន្តិសុខសណ្ដាប់ ធ្នាប់ អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយកាលពីថ្ងៃចន្ទរបស់ទីភ្នាក់ ងារ សារព័ត៌មាន AFP ដែលដកស្រង់នូវខ្លឹមសារពីសេចក្ដីថ្លែងការណ៍ រួមមួយមិនទាន់ចេញផ្សាយជាផ្លូវការ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ សម្ព័ន្ធភាពដែលមានមូលដ្ឋាន នៅទីក្រុងព្រុចសែលទាំងពីរ បានស្វែងរកការកែលម្អការសម្រប សម្រួលភាពជាដៃគូជាមួយគ្នា ទោះបីជាមានការព្រួយបារម្ភដែលថា កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងតួនាទីរបស់សហភាពអឺរ៉ុបក្នុងវិស័យការពារជាតិ អាចធ្វើឱ្យអង្គការណាតូដែលដឹកនាំដោយសហ រដ្ឋ អាមេរិកចុះខ្សោយក៏ដោយ។
ចំណែក ការឈ្លានពានអ៊ុយក្រែន របស់រុស្ស៊ី បានជំរុញឱ្យមាន ការស្វែងរកការរួមបញ្ចូលគ្នាឱ្យកាន់តែរឹងមាំ រវាងភាពខ្លាំងខាង សេដ្ឋកិច្ចរបស់អឺរ៉ុប និងកម្លាំងយោធារបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍រួម ដែលគ្រោងនឹងចេញផ្សាយដោយមន្រ្តីជាន់ ខ្ពស់របស់ណាតូ និងសហភាពអឺរ៉ុប នៅថ្ងៃអង្គារ (១០ មករា) នេះ បាននិយាយថា កិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប-ណាតូ កាន់តែ ជិតស្និទ្ធ «គឺជាចំណុចប្រសព្វដ៏សំខាន់មួយសម្រាប់សន្តិសុខ និង ស្ថិរភាពអឺរ៉ូ-អាត្លង់ទិក ដែលបង្ហាញពីសារៈសំខាន់នៃចំណងទំនាក់ ទំនងអន្តរអាត្លង់ទិកខ្លាំងជាងពេលណាៗទាំងអស់»។
សេចក្ដីថ្លែងការណ៍បន្តថា ៖ «នៅពេលការគំរាមកំហែងផ្នែក សន្តិសុខ និងបញ្ហាដែលយើងកំពុងប្រឈមមុខ វិវឌ្ឍទាំងផ្នែក វិសាលភាព និងទំហំ យើងនឹងបង្កើនភាពជាដៃគូរបស់យើង ទៅ កាន់កម្រិតបន្ទាប់»។
បើតាមការចុះផ្សាយរបស់ AFP សេចក្ដីថ្លែងការណ៍ចាត់ទុកការ ដោះ ស្រាយកំណើននៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការគ្រប់គ្រងការគំរាម កំហែងកាន់តែខ្លាំងឡើងផ្នែកបច្ចេកវិទ្យា និងអវកាស ថាជា វិស័យ សំខាន់ៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
គួរបញ្ជាក់ថា ប្រទេសចំនួន ២១ ក្នុងចំណោមរដ្ឋទាំង ២៧ របស់ សហភាពអឺរ៉ុប គឺជាសមាជិកអង្គការណាតូរួចស្រាប់ទៅ ហើយ ហើយបច្ចុប្បន្ន ស៊ុយអែត និងហ្វាំងឡង់ ដែលមានអារម្មណ៍ ថាខ្លួនងាយរងគ្រោះពីការគំរាមកំហែងរបស់រុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមឡើង ក៏កំពុងស្វែងរកការចូលរួមជាមួយ សម្ព័ន្ធភាពយោធានេះដូចគ្នា។
សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា ណាតូ និងសហភាព អឺរ៉ុប «ដើរតួនាទីបំពេញបន្ថែម ស៊ីសង្វាក់គ្នា និងពង្រឹងគ្នាទៅ វិញ ទៅមកក្នុងការគាំទ្រសន្តិភាពអន្តរជាតិ» ហើយបានសន្យាថានឹង ប្រមូលផ្តុំគ្នាបន្ថែមទៀតទាំងកម្លាំងនយោបាយ សេដ្ឋកិច្ច និង យោធារបស់ខ្លួន។
ការផ្លាស់ប្ដូរចុងក្រោយនេះនឹងចុះហត្ថលេខាដោយអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីសែល (Charles Michel) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ដែលនឹងធ្វើឡើង នៅថ្ងៃ អង្គារ។
គួររំឭកថា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយបារាំងក្នុងការ ជំរុញ តួនាទីរបស់សហភាពអឺរ៉ុបលើវិស័យការពារជាតិ បានបង្កឱ្យ មានភាពច្របូកច្របល់ក្នុងចំណោមរដ្ឋនៅអឺរ៉ុបខាងកើត ដែល មើល ឃើញថា សហរដ្ឋអាមេរិកគឺជាកម្លាំងចម្បងនៃសន្តិសុខ របស់ពួកគេ។
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក ទីក្រុងវ៉ាស៊ីនតោនបាន បង្កើន ចំនួនកងទ័ពរបស់ខ្លួននៅទ្វីបអឺរ៉ុបរហូតដល់ជាង ១០០ ០០០ នាក់ ខណៈអង្គការណាតូបានធ្វើការផ្លាស់ប្តូរវិស័យយោធា ដ៏ធំបំផុតរបស់ខ្លួន មិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ បញ្ចប់ ទៅ។
សេចក្ដីថ្លែងការណ៍រួមចុងក្រោយនេះ បង្ហាញឱ្យវាកាន់តែច្បាស់ថា ណាតូនៅតែជាមូលដ្ឋានគ្រឹះនៃការការពារជាសមូហភាពសម្រាប់សមាជិករបស់ខ្លួន និងតំបន់អឺរ៉ូ-អាត្លង់ទិកទាំងមូល។
សេចក្ដីថ្លែងការណ៍ក៏លើកឡើងផងដែរថា ៖ «យើងទទួលស្គាល់ តម្លៃនៃវិស័យការពារជាតិអឺរ៉ុបដែលខ្លាំង និងមានសមត្ថភាព ជាង នេះ ដែលរួមចំណែកជាវិជ្ជមានដល់សន្តិសុខពិភពលោក និង អន្តរអាត្លង់ទិក ហើយជាការបំពេញបន្ថែម និងអាចធ្វើអន្តរកម្ម ជាមួយ ណាតូ»។
គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកបានជំរុញសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួន ឱ្យចំណាយកាន់តែច្រើនជាងមុនលើវិស័យយោធា ប្រយុទ្ធនឹងការគំរាមកំហែងតាមអ៊ិនធឺណិត ហើយពង្រឹងហេដ្ឋា រចនាសម្ព័ន្ធជុំវិញទ្វីបដែលចាំបាច់ ដើម្បីផ្លាស់ប្តូរកងកម្លាំង យ៉ាង ឆាប់រហ័ស។ អាមេរិកក៏បានដាក់សម្ពាធដល់អឺរ៉ុប ឱ្យប្រកាន់ជំហរ តឹងរ៉ឹងជាងមុន លើការគំរាមកំហែងពីចិនផងដែរ។
សេចក្ដីថ្លែងការណ៍រួមណាតូ និងសហភាពអឺរ៉ុបចុងក្រោយនេះ មាន គូសបញ្ជាក់ថា៖ «ការបង្កើនការទាមទារ និងគោល នយោបាយ របស់ចិន បង្ហាញពីបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ»៕ ដោយ៖ហួន ឌីណា