មន្ត្រីរដ្ឋាករទឹកស្អាតខេត្តមណ្ឌលគីរី ចុះធ្វើការប្រមូលសំរាមនៅទីតាំងទុកសម្រាប់ទាញយក ទឹកស្អាត មួយកន្លែងដែលកកកុញដោយសំរាម

អត្ថបទដោយ៖
Kien Sereyvuth

ទីតាំងទុកសម្រាប់ទាញយកទឹកស្អាតមួយកន្លែងនៅក្នុងខេត្តមណ្ឌលគីរី កកកុញដោយសំរាមអណ្តែតពាសពេញផ្ទៃទឹក បង្ករភាពកង្វក់ អត់អនាម័យ កើតឡើងដោយសារការគ្មានភាពទទួលខុសត្រូវ និងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។ ក្រោយសង្កេតឃើញស្ថានភាពបែបនេះ មន្ត្រីនៃរដ្ឋាករទឹកស្អាតខេត្តមណ្ឌលគីរី បានចុះធ្វើការប្រមូលសំរាមនៅទីតាំងអនុស្ថានីយ៍បម្រុងមួយកន្លែងត្រង់ចំណុចអូររគូស ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃចុងសប្តាហ៍ខែសីហានេះ។

ទីតាំងខាងលើ ត្រូវបានគេបញ្ជាក់ថាជា កន្លែងទាញយកទឹកស្អាត ក្នុងរដូវប្រាំងរៀងរាល់ឆ្នាំ។ លោក ទេស ផានេត ប្រធានផ្នែកផលិតកម្ម រដ្ឋាករទឹកស្អាតខេត្តមណ្ឌលគីរី បានឱ្យដឹងថា នេះជាលើកទី៤ហើយតាំងពីបានបង្កើតអនុស្ថានីយ៍ទឹកស្អាត ដោយសំរាមទាំងនេះ ត្រូវបានក្រុមការងារធ្វើការប្រមូលបានចំនួន៤ឡានមកហើយ ដែលភាគច្រើនប្រភេទកាកសំណលផ្សេង និងសំបកដបរួមទាំងថង់ផ្លាស្ទីក។

លោកបន្ថែមថា ការប្រមូលសំរាមនេះ គឺក្នុងគោលបំណងសំអាតផ្ទៃអូរ ដើម្បីយកទឹកប្រើប្រាស់ធ្វើជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់ពលរដ្ឋនារដូវប្រាំង។ លោកថា អូររគូស ជាប្រភពទឹកមួយកន្លែងដែលមិនអាចខ្វះបាន ហើយអូរនេះជាទីកន្លែងអនុស្ថានីណ៍បម្រុង ដ៏សំខាន់សម្រាប់កែច្នៃទឹកសម្រាប់ពលរដ្ឋប្រើប្រាស់រាប់ពាន់គ្រួសារក្នុងក្រុងសែនមនោរម្យ។

ពលរដ្ឋក្រុងសែនមនោរម្យ ត្រូវបានអជ្ញាធរបញ្ជាក់ថា បានប្រើប្រាស់ប្រព័ន្ធទឹកស្អាត ដែលទាញយកមកពីបឹងទំនប់លើ បឹងទំនប់ក្រោម ត្រពាំងមុខសណ្ឋាគារសឡាជាដើម។ ក្រៅពីនេះ ពលរដ្ឋខ្លះ ប្រើទឹកអណ្តូងតាមផ្ទះដោយខ្លួនឯង និងខ្លះទៀតប្រើទឹកអូរធម្មជាតិដែលមានប្រភពក្បែរផ្ទះ។

សូមជម្រាបថា មណ្ឌលគីរីកាលពីអំឡុងរដូវប្រាំង ដើមឆ្នាំ២០១៩ ប្រភពទឹកមួយចំនួនដែលពលរដ្ឋអាស្រ័យការបរិភោគនោះត្រូវរីងស្ងួត តម្រូវឲ្យអជ្ញាធរជួសជុលអណ្តូងទឹកដែលខូចខាត ព្រមទាំងជីកអណ្តូងបន្ថែមទៀតផ្តល់ឲ្យពលរដ្ឋផងនោះដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner