ក្រុមការងាររបស់រាជរដ្ឋាភិបាល និងឯកជន ឯកភាពលើសកម្មភាព ៥ចំណុច ដើម្បីបន្តទាក់ទាញទេសចរអន្តរជាតិ និងគាំទ្រយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣
(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ – Visit Cambodia Year 2023»។

ការសម្រេចឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ។

អង្គប្រជុំបានលើកឡើងអំពីវឌ្ឍនភាពការងារនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានអនុវត្តកន្លងមក និងឯកភាពគ្នាបន្តជំរុញការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលទី២ ដែលមានចែងក្នុងតារាងផែនការសកម្មភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងគម្រោងអាទិភាពទាំង១៧ ដែលបានសម្រេចដោយរាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

អ្វីដែលជាលទ្ធផលក្នុងកិច្ចប្រជុំ គឺការសម្រេចឯកភាពបន្តការអនុវត្តផែនការសកម្មភាព៥ចំណុច ហើយត្រូវបានលើកឡើងជារួមដោយលោករដ្ឋមន្ត្រី ថោង ខុន ។

ឯកឧត្តម ថោង ខុន ប្រធានអង្គប្រជុំ បានបង្ហាញការជឿជាក់ថាឯកសារសេចក្ដីព្រាង វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងទទួលបានការគាំទ្រក្នុងកិច្ចប្រជុំរួមគ្នារវាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ ចាន់ វិចិត្រ
