ចិនបន្តគំរាមកំហែងតៃវ៉ាន់ បន្ទាប់ពីយោធាក្រុងតៃប៉ិធ្វើសមយុទ្ធ
ប៉េកាំង៖ចិនបានបន្តប្រើវោហាសាស្រ្តគំរាមកំហែងប្រឆាំងនឹង កោះតៃវ៉ាន់នៅថ្ងៃពុធ ទាំងព្រមានអ្នកនយោបាយបរទេសណា ដែលមានទំនាក់ទំនងជាមួយក្រុងតៃប៉ិ ថា «កំពុងលេងជាភ្លើង»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក Ma Xiaoguang បាននិយាយថា ចិនបានប្តេជ្ញាចិត្តក្នុងឆ្នាំថ្មី ដើម្បី ការពារ អធិបតេយ្យភាព និងបូរណភាពទឹកដី និងបំផ្លាញផែនការ រងឯករាជ្យភាពរបស់តៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែប លទ្ធិប្រជាធិបតេយ្យ។
លោក Ma ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ «ការគាំទ្រឯករាជ្យភាពតៃវ៉ាន់ដ៏អាក្រក់ក្នុងចំណោមកិច្ចការប្រឆាំងនឹងចិនផ្សេងទៀតពីរដ្ឋបរទេសមួយចំនួន គឺជាការបង្កហេតុដោយ ចេតនា»។
គួររំឭកថា ចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃដែនអធិ ប តេយ្យ ភាពរបស់ខ្លួន ហើយនឹងធ្វើប្រើកម្លាំងវាយយកប្រសិន បើចាំបាច់។ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់ក្នុងរយៈ ពេលប៉ុន្មាន ខែចុងក្រោយនេះ ពីសំណាក់អ្នកនយោបាយបរទេសទៅកាន់ កោះតៃវ៉ាន់ រួមទាំងដោយប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងអ្នកនយោបាយជាច្រើនទៀតមកពីសហភាពអឺរ៉ុប បានជំរុញឱ្យភាពតានតឹងក្នុងតំបន់កើនឡើង ដោយទាំងចិន និងកោះតៃវ៉ាន់បានបង្កើនការធ្វើសមយុទ្ធយោធា។
នៅសប្តាហ៍នេះ យោធាតៃវ៉ាន់កំពុងធ្វើសមយុទ្ធដែលមានគោល បំណងធានាដល់សាធារណជនអំពីសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ចិននៅមុនថ្ងៃបុណ្យចូលឆ្នាំចិនក្នុងខែនេះ។ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ លោក Wu Bong-yeng បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ព អាកាស Hsinchu នាភាគខាងត្បូងនៃរដ្ឋធានីតៃប៉ិថា៖ «អ្វីដែល សំខាន់បំផុតគឺរក្សាសុវត្ថិភាពនៃដែនអាកាស និងសន្តិសុខជាតិ របស់យើង»។
គួរបញ្ជាក់ថា សមយុទ្ធនេះធ្វើឡើងស្របពេលគ្នាជាមួយនឹងដំណើរ ទស្សនកិច្ចរបស់សមាជិកសភាអាល្លឺម៉ង់ និងលីទុយអានី ដែលជា រដ្ឋបាល់ទិករឹងទទឹងផ្នែកការទូតប្រឆាំងនឹងចិន ហើយព្យាយាមធ្វើ ឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយតៃវ៉ាន់។
លោក Ma បាននិយាយថា៖ «យើងអំពាវនាវឲ្យប្រទេសពាក់ព័ន្ធ បញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ និងឈប់លេងជាមួយភ្លើងជុំវិញបញ្ហាតៃវ៉ាន់»។ ចិនចាត់ទុកការធ្វើដំណើរទស្សនកិច្ចការទូតបរទេសទៅក្រុងតៃប៉ិ ថាជាផ្នែកមួយនៃការទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់៕ ដោយ៖ ហួន ឌីណា