គ.ជ.ប ចាប់ផ្តើមរៀបចំប្រឡងជ្រើសរើសមន្រ្តី សម្រាប់បម្រើការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន ចាប់ផ្តើមរៀបចំការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្តារាជនី-ខេត្តនៅទូទាំង ប្រទេស សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ដែលនឹងប្រព្រឹត្តឡើងនៅខែកក្កដា ខាងមុខនេះ។

ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១១ ខែមករា នេះតទៅ ខណៈ ខេត្តដែលចាប់ផ្តើមរៀបចំការប្រឡងរួមមាន៖ ខេត្តរតនគិរី ប៉ៃលិន ព្រះសីហនុ ពោធិ៍សាត់ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ជាដើម ។
អ្នកនាំពាក្យ គ.ជ.ប និងជាប្រធានអនុគណៈកម្មការរៀបចំការ ប្រឡង សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង លោក ហង្ស ពុទ្ធា បានដឹកនាំក្រុមការងារ រៀបចំការប្រឡងជ្រើសរើសសមាសភាព គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែមករា នៅសាលាគរុកោសល្យខេត្តស្ទឹងត្រែង។

ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ថា គ.ជ.ប ទទួលខុសត្រូវក្នុងការ រៀបចំចាត់ចែងការបោះឆ្នោត ពិសេសគឺខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដូចនេះ គ.ជ.ប ត្រូវពង្រីក និងពង្រឹងនូវសមត្ថភាព និង រចនាសម្ព័ន្ធដើម្បីធានាកិច្ចការរបស់ខ្លួននៅក្នុងនោះជ្រើសរើសមន្រ្តីនៅទូទាំងប្រទេស ២៥ រាជធានី-ខេត្ត ចំនួន ១៧៥ នាក់ ដោយ ក្នុង មួយខេត្តជ្រើសរើសមន្រ្តីចំនួន ៧ នាក់។

លោកបញ្ជាក់ថា៖« ការប្រឡងនេះ សម្រាប់វិញ្ញាសាមិនមានការ បែកធ្លាយទេ សូម្បីតែខ្ញុំខ្លួនឯងផ្ទាល់កាន់វិញ្ញាសាដល់ខេត្ត ស្ទឹងត្រែងគឺខ្ញុំក៏មិនដឹងថាក្នុងហ្នឹងនឹងមានសំណួរអីនោះទេ។កន្លង មកយើងឃើញថាបទពិសោធរបស់ក្រសួងអប់រំ បញ្ហាវិញ្ញាសា ហើយ បទពិសោធរបស់គ.ជ.បនេះ គឺធ្វើការងារកាន់តែសុក្រឹត ឡើងៗ។ គ្រាន់តែចង់បញ្ជាក់ថា បទពិសោធ និងជំនាញបោះ ឆ្នោត នេះឯង គឺមិនមានមហាវិទ្យាល័យណាបង្រៀននោះទេ នីតិវិធីគឺលម្អិតមែនទែននៅក្នុងការអនុវត្ត។ អ៊ីចឹងទាមទារ អ្នក មានបទពិសោធទើបអាចឆ្លើយនឹងសំណួរដែលពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសនេះបាន»។

ឯកឧត្តមឱ្យដឹងថា ការប្រឡងនេះ មានសំណួរសរសេរ និងគុយ សេអឹម ព្រមទាំងមានការធ្វើសម្ភាសផងដែរ ខណៈលទ្ធផល នឹងចេញផ្សាយនៅថ្ងៃទី១៨ ខែមករាខាងមុខ។ លោកបន្តថា ក្រោយពីប្រកាសលទ្ធផលនៅខែ កុម្ភៈ គ.ជ.ប នឹងធ្វើការតែងតាំង បេក្ខជនប្រឡងជាប់ ជាមន្រ្តីកិច្ចសន្យារយៈពេលខ្លី ព្រោះគាត់ត្រូវ ចាត់ ចែង ក្នុងការជ្រើសរើសបន្តទៀតនូវមន្ត្រីបោះឆ្នោតថ្នាក់ឃុំ សង្កាត់ និងថ្នាក់ការិយាល័យ។

ឯកឧត្តមថ្លែងថា៖« អ៊ីចឹងនេះជាដំណើរមួយជំហានម្តងៗ ដែល គ.ជ.ប កំពុងតែអនុវត្តដើម្បីទទួលបានមន្រ្តីបោះឆ្នោតដែល មាន សមត្ថភាព។ ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ប្រាប់ដែរថាបន្ទាប់ពីជ្រើសរើស គឺមន្ត្រីទាំងអស់ត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមទៀត មិនមែនមានន័យថាគាត់អាចអនុវត្តបានទាំងស្រុងតែម្តងទេ»។
ឯកឧត្តមបញ្ជាក់ថា ការប្រឡងនេះមិនមែនជាលើកទីមួយទេ ដែលគ.ជ.ប បានចាត់ចែងទៅតាមជំហាននីមួយៗ ហើយ ក៏មានបញ្ហាអវិជ្ជមានដែរ ប៉ុន្តែគឺតិចតួចបំផុត។« ត្រង់នេះហើយ ដែលគ.ជ.ប នៅតែបន្តតួនាទីរបស់ខ្លួនបន្តអនុវត្តនូវបទពិសោធ របស់ខ្លួនហើយគួបផ្សំនឹងបច្ចេកវិទ្យា ដែលបញ្ចូលក្នុងប្រព័ន្ធ បោះឆ្នោត ធ្វើឱ្យ គជប កាន់តែមានភាពរឹងមាំ និងច្បាស់លាស់ ពាក់ព័ន្ធនឹងការទទួលខុសត្រូវចាត់ចែងបោះឆ្នោតជូនដល់សាធារណជននិងអ្នកបោះឆ្នោត»។

ឯកឧត្តមបន្ថែមថា គ.ជ.ប បានអព្យាក្រឹត និងកំពុងតែអព្យា ក្រឹត្យ នៅក្នុងការបំពេញមុខងាររបស់ខ្លួន តាំងពីសមាសភាពគណៈ កម្មការ ជាតិរៀបចំការបោះឆ្នោត រហូតដល់មន្ត្រីមូលដ្ឋាន ខណៈ បទបញ្ជាផ្ទៃក្នុងនៃមន្ត្រីរៀបចំការបោះឆ្នោតបានចែងថា ប្រសិន បើមានបុគ្គលណាមួយ រាប់ទាំងសមាជិករបស់គ.ជ.ប ក៏ ដោយ បើអនុវត្តខុសពីគន្លងអព្យាក្រឹត្យ នោះនឹងទទួលនូវការពិន័យឬក៏ បញ្ឈប់ពីការងារដោយប្រការណាមួយ។

លោកថា៖«បទបញ្ជានិងនីតិវិធីនេះឯងគឺមានចែងលម្អិត ហើយ គ.ជ.ប ក៏តែងតែមានការប្រជុំហើយក៏តែងតែជួបជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការឆ្លុះបញ្ចាំងឬក៏ទទួលនូវរាល់សំណួរ និងបញ្ហាទាំង ឡាយ ដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនេះ ពីព្រោះ គ.ជ.បក៏ដូចបងប្អូនប្រជាពលរដ្ឋទូទៅដែរ ចង់ឱ្យមានការបោះ ឆ្នោត មួយដែល មានភាពត្រឹមត្រូវ សេរី យុត្តិធម៌ ពិសេសគឺ លទ្ធផលបោះឆ្នោតទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធ»។
សូមជម្រាបថា បេក្ខជនដែលត្រូវចូលរួមប្រឡងត្រូវមាន លក្ខខណ្ឌ មួយចំនួន គឺត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានទីលំនៅក្នុង ខេត្ត ដែលគាត់ត្រូវដាក់ឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្ត ឬក៏ជាប្រធាន ឬក៏ជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់ខេត្ត ដោយពឹងផ្អែកទៅលើសមត្ថភាពនិងបទពិសោធន៍៕
ដោយ៖ឡាយ សាមាន

ads banner