ឯកឧត្តមបណ្ឌិត គុណ ញឹម៖ គិតមកទល់ពេលនេះ គយប្រមូលចំណូលបានជាង១០៦លានដុល្លារពីរថយន្តគ្មានពន្ធ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្តាំបានជាង១០៦លានដុល្លារពីរថយន្តជិត២០,០០០គ្រឿង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផល «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស» នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ក្នុងយុទ្ធនាការប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយមានរថយន្តទាំងចង្កូតស្តាំ និងឆ្វេងចំនួន ២០,០៤៩គ្រឿងបានមកបង់ពន្ធ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨,៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២,០០០គ្រឿងទៀត ដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

ឯកឧត្តមបណ្ឌិតបន្តថា ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន៩,៧៥៣គ្រឿងបានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង៧៦លានដុល្លារ។ ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃទី៣១ ខែកក្កដា និងបានពន្យាពេលរហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ គយប្រមូលពន្ធជាង ៣០លានដុល្លារពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

គិតមកដល់ថ្ងៃឱសានគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧,៩១០គ្រឿង ដែលម្ចាស់បានមកបំពេញកាតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦លានដុល្លារ ដូច្នេះនៅសល់ ១,៩៤៥គ្រឿងទៀតមិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ៕ ដោយ ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner