អភិបាលខេត្តរតនគិរីកោតសរសើរ ពីលទ្ធផលការងារ ដែលសម្រេចបាន លើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០២២
រតនគិរី ៖ ការថ្លែងការកោតសរសើនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទី និងនាយរង ខណ្ឌរដ្ឋបាលព្រៃឈើ នៃខេត្តរតនគិរី ។
ឯកឧត្តម អភិបាលខេត្តរតនគិរីបានធ្វើការរំលឹកនិងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវបន្តរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរឱ្យបានល្អ។ លើកទឹកចិត្តនិងបណ្តុះបណ្តាលបន្ថែមលើសមត្ថភាពការងារជំនាញឱ្យទាន់នឹងសភាពការណ៍វិវត្តន៍រីកចម្រើននៃបច្ចេកវិទ្យា។
ត្រូវបន្តជំរុញការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការចាក់ថ្នាំការពារសត្វនិងការធ្វើបង្ហាញដល់កសិករព្រមទាំងបន្តអនុវត្តនិងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋសហគមន៍នូវច្បាប់ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ជាពិសេសត្រូវខិតខំរៀនសូត្រដើម្បីបង្កើនសមត្ថភាពការងារជំនាញ និងមានទំនាក់ទំនងជាមួយសមត្ថកិច្ច ពាក់ព័ន្ធនិងកិច្ចសហការល្អក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើ ការដឹកជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់នូវឧបរករណ៍នេសាទខុសច្បាប់ជាដើម ។
សូមបញ្ជាក់ថា លោក ញឹម គឹមជាងត្រូវបានប្រកាសចូលកាន់មុខដំណែងជាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ជំនួសលោក ឆឹង សុខុន ដែលត្រូវបានចូលនិវត្តន៍ ហើយ លោក លី សុផាន ត្រូវបានប្រកាសជានាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត៕ ដោយ គតិ យុត្ត


