សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុ ៧១ ឈានចូល ៧២ឆ្នាំ
ភ្នំពេញ៖ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់សម្ដេចក្រឡាហោម គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេចក្រឡាហោម សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចក្រឡាហោម ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី និងការពារសន្តិសុខជាតិ ពង្រឹងសណ្ដាប់ធ្នាប់សាធារណ:និងធានាសុវត្ថិភាព
សង្គម ទទួលបានលទ្ធផលដ៏ល្អប្រសើរជូនរាជរដ្ឋាភិបាល និងសង្គមជាតិ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់សម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ វណ្ណលុក
