សេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានអង្គគណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមទំព័រហ្វេសប៊ុកដូច្នេះថា សេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)” មានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្តសម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាននិងឧត្តមានុវត្តអន្តរជាតិ ។
សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។
សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្តនៃការ កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច ៕ ដោយ វណ្ណលុក


