ម៉ាឡេស៊ីប្រឈមនឹងការឈប់នាំចេញប្រេងដូង ទៅកាន់សហភាពអឺរ៉ុប
ប្រទេសម៉ាឡេស៊ីបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីមួយរបស់អឺរ៉ុបដែលមានបំណងការពារព្រៃឈើ តាមរយៈការគ្រប់គ្រងតឹងរ៉ឹងលើការលក់ផលិតផលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។

រដ្ឋមន្ត្រីក្រសួងទំនិញរបស់ម៉ាឡេស៊ី លោក Fadillah Yusof បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនឹងពិភាក្សាអំពីច្បាប់ដែលហាមឃាត់ការលក់ដូងប្រេង និងទំនិញផ្សេងទៀតដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនេះ ដែលច្បាប់នេះចែងថា ក្រុមហ៊ុនអាចនាំចូលទៅកាន់អឺរ៉ុបបានលុះត្រាតែក្រុមហ៊ុនទាំងនោះអាចបង្ហាញថា ការផលិតទំនិញជាក់លាក់របស់ពួកគេមិនបានបំផ្លាញព្រៃឈើ។

ដោយសារសហភាពអឺរ៉ុបជាអ្នកនាំចូលប្រេងដូងដ៏ធំមួយ ច្បាប់ដែលបានព្រមព្រៀងកាលពីខែធ្នូនេះ បានធ្វើឱ្យមានការរិះគន់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំទាំងពីក្នុងពិភពលោក។

សកម្មជនបរិស្ថានបានស្តីបន្ទោសឧស្សាហកម្មដូងប្រេងថាជាមូលហេតុដែលបណ្តាលឱ្យមានការឈូសឆាយព្រៃទឹកភ្លៀងអាស៊ីអាគ្នេយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបង្កើតស្តង់ដារវិញ្ញាបនប័ត្រនិរន្តរភាពកាតព្វកិច្ចសម្រាប់ចម្ការទាំងអស់ក៏ដោយ។ ឧស្សាហកម្មនេះផ្តល់ការងារយ៉ាងច្រើន និងប្រភពចំណូលសម្រាប់កសិករខ្នាតតូច៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត