គ.ជ.ប. បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប. ) នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅឃុំ សង្កាត់ ព្រមគ្នានៅទូទាំងប្រទេស ខណៈបញ្ជីទាំង ពីរ នេះត្រូវបានបិទផ្សាយទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នក បោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យ របស់ខ្លួន។
យោងតាមតារាងទិន្នន័យរបស់ គ.ជ.ប. បង្ហាញថា ចំនួនប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយ មានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះមានស្រីចំនួន ៥.១៦១.៩០៦ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៧៨៩ការិយាល័យ។
ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន សរុប ២៧១.១៤២នាក់។

បើតាម គ.ជ.ប គោលដៅនៃការផ្សព្វផ្សាយគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ របស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ដើម្បី ឱ្យមាន ការកែតម្រូវ។
ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ ត្រូវបាន បញ្ចប់ ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាគ្រោះធម្មជាតិ មួយចំនួន និងស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏ដោយ។
លោកបន្តថា ទោះបីការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២មិនទាន់បញ្ចប់នៅឡើយទេឯកឧត្តមបន្តថា៖«ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលនេះ គឺការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុប ចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យ បណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់ សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ»។

ឯកឧត្តមបន្ថែមថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប បាន ធ្វើការបោះពុម្ពបញ្ជី បោះ ឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប ចេញ ពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួនបីច្បាប់ ដើម្បីផ្តល់ ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈ ដូចជា បិទផ្សាយមួយច្បាប់ នៅតាមសាលាឃុំ សង្កាត់ បិទផ្សាយមួយច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និង និងផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់មួយច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។
បើតាម ឯកឧត្តម ហ៊ីង ធីឫទ្ធិ ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ បញ្ជីបោះឆ្នោតនេះ នឹងត្រូវបង្ហោះផងដែរនៅលើគេហទំព័ររបស់ គ.ជ.ប (voterlist.nec.gov.kh) និង App (NEC KH) សម្រាប់អ្នកដែល អាចប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដើម្បីធ្វើឱ្យមានបច្ចុប្បន្នភាព និងទុកចិត្តបានសម្រាប់យកទៅបម្រើ់ ឱ្យការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
ដោយ៖ យុទ្ធ វីរះ