ត្រីរាជធំចំនួនពីរក្បាល និងត្រីប្រភេទកម្រផ្សេងទៀតជាង ប្រាំពាន់ ក្បាល ត្រូវបានលែងចូលទន្លេ

ភ្នំពេញ៖​​ ស្ថាប័នរដ្ឋាភិបាល និងគម្រោងអច្ឆរិយមេគង្គ នៅថ្ងៃទី១៣ ខែមករា នេះ បានរៀបចំពិធីលែងត្រីប្រភេទកម្ររងគ្រោះ ថ្នាក់នៅ ដងទន្លេមេគង្គ និងទន្លេសាប សរុបជាងប្រាំពាន់ក្បាល ចូលទន្លេវិញ ដើម្បីទុកឱ្យវាបានបន្តពូជ និងអាចបង្កើនចំនួនត្រីកម្រ។

រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឯកឧត្តម ហាស់ សារ៉េត បានចូលរួមជាអធិបតីក្នុងពិធីនេះដែលរៀបចំ ឡើងនៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ រាជធានីភ្នំពេញ។

ត្រីប្រភេទកម្រជាច្រើនប្រភេទដែលត្រូវបានលែងនោះរួមមាន ត្រីរាជ ធំចំនួនពីរក្បាល ត្រីគល់រាំង និងត្រីប្រាធំសរុបចំនួន ៥.០០២ ក្បាល ។

ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហាស់ សារ៉េត បានថ្លែងស្រដៀង គ្នា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្ស ធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះ ដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។

ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកថា ៖«ប្រសិនបើបងប្អូនប្រជា នេសាទបានត្រីកម្រៗ សូមកុំសម្លាប់ ។កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូន ពូនជាចៅ»។

សូមជម្រាបថា ត្រីរាជមួយក្បាលទម្ងន់ ៤៦ គីឡូក្រាម ដែលមាន ប្រវែង ១៥៧ សង់ទីម៉ែត្រ ត្រូវបានអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក ដោយឧបករណ៍ម៉ាញ់ ស្ថិតនៅក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោមកិច្ចសហការជាមួយអ្នកនេសាទ ក្រុមការងារនៃវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយ នៃទន្លេមេគង្គ បានពាក់ស្លាកសញ្ញាក្នុងគោលបំណង សិក្សាតាម ដានការបម្លាស់ទី ជាពិសេសលើការអភិរក្សប្រភេទ ត្រី កម្រ នេះ ហើយត្រីរាជដែលចាប់បាននេះត្រូវបានប្រលែងចូលក្នុងទន្លេមេគង្គមេគង្គវិញ។

ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរង ការ គំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្ស ធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់ អនុសញ្ញាសាយតេស (CITES)ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។

គួរជម្រាបដែរថា ប្រភេទត្រីធំៗដូចជាត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ពោព្រុយ និងត្រីត្រសក់ដែលជាប្រភេទត្រីជិតផុតពូជ បានចាប់ផ្តើម បម្លាស់ទីចេញពីបឹងទន្លេសាប នាចុងខែតុលារហូតដល់ខែធ្នូ ដោយ ឆ្លងកាត់ទន្លេសាប រួចឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមបណ្តោយ ដង ទន្លេមេគង្គក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង។

ជាមួយគ្នានេះ ក្រុមការងារជលផល បានធ្វើការផ្សព្វផ្សាយ និង សំណូម ដល់ប្រជានេសាទមេត្តាចូលរួម និងផ្តល់ព័ត៌មានដល់ រដ្ឋបាលជលផលក្នុងការចូលរួមអភិរក្សប្រភេទត្រីកម្រនេះ៕

ដោយ៖ឡាយ សាមាន

ads banner