អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នឹងបង្កើនវត្តមាននៅអ៊ុយក្រែន
វីយែន ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរ ក្នុងអំឡុងជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
Read. អគ្គនាយក IAEA លោក រ៉ាហ្វាអែល ក្រូស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ ដើម្បីបង្កើតវត្តមានជាបន្តបន្ទាប់នៃអ្នកជំនាញសន្តិសុខ និងសុវត្ថិភាពនុយក្លេអ៊ែរ នៅគ្រប់រោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន។
លោក ក្រូស៊ី បាននិយាយយ៉ាងដូច្នេះថា អ្នកជំនាញផ្នែកសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែររបស់យើង នឹងតាមដានស្ថានភាពនៅរោងចក្រ, វាយតម្លៃឧបករណ៍ និងតម្រូវការផ្សេងទៀតរបស់ពួកគេ, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងដំបូន្មាន ជាពិសេសរាយការណ៍ពីការរកឃើញរបស់ពួកគេទៅកាន់ទីស្នាក់ការកណ្តាលរបស់ IAEA។
លោក ក្រូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គាត់នឹងជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងកៀវនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការបង្កើតតំបន់សុវត្ថិភាពនុយក្លេអ៊ែរ ជុំវិញរោងចក្រ ហ្សាប៉ូលរីសហ្ស៊ីយ៉ា (NPP)។
លោកបន្ថែមថា ការពិភាក្សារបស់ខ្ញុំជាមួយអ៊ុយក្រែន និងរុស្ស៊ីកំពុងដំណើរការ ទោះបីជាមិនលឿនដូចដែលពួកគេចង់បានក៏ដោយ និងថា គាត់នៅតែមានក្តីសង្ឃឹម ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយលើបញ្ហានេះនាពេលឆាប់ៗខាងមុខ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា





